ព័ត៌មានអន្តរជាតិ

រុស្ស៊ី៖ ធ្លាក់យន្តហោះចម្បាំង MiG-31 មួយគ្រឿងពេលហ្វឹកហាត់, ពិឡុត២នាក់ រួចជីវិត

បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា យន្តហោះចម្បាំងរុស្ស៊ី MiG-31 បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា យន្តហោះនេះបានធ្លាក់នៅក្នុងតំបន់ទីវាល ដោយបានបន្ថែមថា ឧបទ្ទវហេតុនេះមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអណ្តាតភ្លើងចេញពីយន្តហោះ ខណៈដែលយន្តហោះនៅតែហោះហើរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមប្រភពពីសេវាសន្តិសុខរុស្ស៊ីបានប្រាប់ TASS ដោយនិយាយថា ម៉ាស៊ីនរបស់យន្តហោះមួយគ្រឿងបានឆេះក្នុងអំឡុងពេលហោះហើរ ហើយយន្តហោះនេះ «បានធ្លាក់ចូលក្នុងបឹងមួយ» នេះបើតាមព័ត៌មានបឋម។

ឧប្បត្តិហេតុនេះបានកើតឡើងនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីទីក្រុង Monchegorsk និងប្រហែល ១៥០ គីឡូម៉ែត្រពីទីក្រុង Murmansk ក្នុងតំបន់។

RIA បានរាយការណ៍ថា អ្នកបើកយន្តហោះទាំងពីរនាក់ត្រូវបានជម្លៀសតាមរយៈឧទ្ធម្ភាគចក្រ ដោយសេវាស្វែងរក និងជួយសង្គ្រោះ។ ភ្នាក់ងារនោះបាននិយាយថា ឥឡូវនេះ ពួកគេមានសុវត្ថិភាព ។ វីដេអូប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញមនុស្សនៅលើដីនិយាយថាអ្នកបើកយន្តហោះព្យាយាមបង្វែរទិសយន្តហោះចេញពីតំបន់លំនៅដ្ឋានមួយ៕

To Top