ព័ត៌មានអន្តរជាតិ

Update៖ អាមេរិក និងកូរ៉េខាងត្បូង ឯកភាពគ្នាចុះកិច្ចព្រមព្រៀង ដាក់ពង្រាយអាវុធ ដើម្បីទប់ទល់នឹងការគំរាម កំហែងពីសំណាក់កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធានា កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីប្រឆាំងនឹងការគំរាមកំហែង នុយក្លេអ៊ែររបស់កូរ៉េខាងជើង ។

ក្រុងវ៉ាស៊ីនតោនបានយល់ព្រម ដាក់ពង្រាយនាវាមុជទឹកប្រដាប់អាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកជាទៀងទាត់ ទៅកាន់កូរ៉េខាងត្បូង និងចូលរួមជាមួយក្រុងសេអ៊ូល ក្នុងប្រតិបត្តិការផែនការនុយក្លេអ៊ែររបស់ខ្លួន ។

ជាថ្នូរនឹងគ្នា ប្រទេសកូរ៉េខាងត្បូងបាន យល់ព្រមមិនអភិវឌ្ឍអាវុធ នុយក្លេអ៊ែររបស់ខ្លួនឡើយ ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា សេចក្តីថ្លែងការណ៍របស់ក្រុងវ៉ាស៊ីនតោន នឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធមិត្ត ក្នុងការទប់ស្កាត់ការវាយប្រហាររបស់កូរ៉េខាងជើង ។

ក្តីបារម្ភបាននឹងកំពុងកើនឡើង ទាំងសង្ខាងអំពីការគំរាមកំហែង នុយក្លេអ៊ែរដែលបង្កឡើងដោយកូរ៉េខាងជើង ។ គេបានដឹងថា ក្រុងព្យុងយ៉ាងកំពុងអភិវឌ្ឍ អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលអាចកំណត់គោលដៅលើកូរ៉េខាងត្បូង និងចម្រាញ់អាវុធ អាចបាញ់បានរយៈចម្ងាយឆ្ងាយ របស់ខ្លួនដែលអាចឈានដល់ ដីគោករបស់សហរដ្ឋអាមេរិក ទៀតផង ។

សហរដ្ឋអាមេរិក មានកាតព្វកិច្ចសន្ធិសញ្ញា ដើម្បីការពារកូរ៉េខាងត្បូង រួចហើយ ហើយកាលពីមុនបានសន្យាថា នឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រសិនបើចាំបាច់ ។ ប៉ុន្តែមនុស្សមួយចំនួននៅក្នុង ប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមសង្ស័យការប្តេជ្ញាចិត្តនោះ ហើយអំពាវនាវឱ្យប្រទេសនេះ បន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនវិញ ។

លោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង ដែលនៅសេតវិមានសម្រាប់ ដំណើរទស្សនកិច្ចផ្លូវរដ្ឋបានថ្លែងថា សេចក្តីថ្លែងការណ៍របស់ក្រុងវ៉ាស៊ីនតោន បានសម្គាល់ការប្តេជ្ញាចិត្ត “ដែលមិនធ្លាប់មានពីមុនមក” ដោយសហរដ្ឋអាមេរិកក្នុងការពង្រឹងការការពារ ទប់ស្កាត់ការវាយប្រហារ និងការពារសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដោយប្រើអាវុធនុយក្លេអ៊ែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top