ព័ត៌មានអន្តរជាតិ

ស្រី្តជាទាសករផ្លូវភេទកូរ៉េខាងត្បូង នៅក្នុងសង្គ្រាមលោកលើកទី២ ទទួលមរណភាពហើយ នៅសល់ជនរងគ្រោះត្រឹម ៩នាក់ប៉ុណ្ណោះ

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ថា ក្រសួងយេនឌ័ររបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ជនរងគ្រោះកូរ៉េខាងត្បូងម្នាក់ ជាទាសករផ្លូវភេទដោយបង្ខំ នៅក្នុងផ្ទះបនយោធារបស់ប្រទេសជប៉ុន នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានទទួលមរណភាពនៅក្នុងសប្តាហ៍នេះ ហើយចំនួនជនរងគ្រោះដែលនៅរស់រាន មានជីវិតត្រូវបានកាត់បន្ថយមកត្រឹម៩នាក់ ។

ក្រសួងសមភាពយេនឌ័រ និងក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះដែលមិនស្គាល់អត្តសញ្ញាណ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈ តាមការស្នើសុំរបស់ក្រុមគ្រួសារសពនោះទេ បានទទួលមរណភាពកាលពីថ្ងៃអង្គារ ។

ការស្លាប់នេះបានបន្សល់ទុកជនរងគ្រោះចំនួន ៩នាក់ប៉ុណ្ណោះដែលនៅរស់ នៅក្នុងប្រទេសនេះក្នុងចំណោម ២៤០នាក់ ដែលបានចុះបញ្ជីជាផ្លូវការ ជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូង ថា ជាអតីតទាសករផ្លូវភេទ នៅក្នុងសម័យសង្គ្រាម ។

អាយុជាមធ្យមនៃជនរងគ្រោះ ដែលនៅរស់រានមានជីវិតគឺ ៩៤,៤ឆ្នាំ មានមនុស្ស៨នាក់ ដែលមានអាយុចន្លោះពី ៩០ទៅ៩៥ឆ្នាំ និងមនុស្សម្នាក់ដែលមានអាយុ ៩៦ឆ្នាំឬលើសពីនេះ ។

ឧបទ្វីបកូរ៉េ ត្រូវបានធ្វើអាណានិគម ដោយអធិរាជជប៉ុនពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ ។

ប្រវត្ដិវិទូបានឲ្យដឹងថា ស្ត្រីអាស៊ីចំនួន៤០០.០០០នាក់ ដែលភាគច្រើនមកពីប្រទេសចិន និងឧបទ្វីបកូរ៉េ ត្រូវបានបង្ខិតបង្ខំ បោកប្រាស់ ឬចាប់ពង្រត់ធ្វើជាទាសករផ្លូវភេទ នៅឯផ្ទះបនយោធាជប៉ុន នៅមុន និងអំឡុងពេលសង្គ្រាម កើតឡើងនៅប៉ាស៊ីហ្វិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top