ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លប់ចោលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសបារាំង

បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអ៊ីតាលីលោក Antonio Tajani បានប្រកាសលប់ចោល ដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយបានចោទប្រកាន់ថា រដ្ឋមន្ត្រីក្រសួងការមហាផ្ទៃបារាំងលោក Gerald Darmanin បានធ្វើការប្រមាថ និងរិះគន់មកលើនាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រីGioria Meloni ចំពោះមុខបញ្ហាដោះស្រាយ កិច្ចការងារអន្តោប្រវេស។

យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីការបរទេសអ៊ីតាលីរូបនេះ បានពោលថា៖ ខ្ញុំនឹងមិនធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ដូចការគម្រោងទុកសម្រាប់ការ ជួបគ្នានោះទេពីព្រោះថាលោក Gerald Darmanin និងគោលជំហរបស់គាត់ប្រឆាំងទៅនឹង រដ្ឋាភិបាលប្រទេសអ៊ីតាលីនោះ គឺមិនអាចទទួលយកបាននោះទេ ហើយនេះគឺជាមូលហេតុដែលអឺរ៉ុប ទាំងមូលគួរតែនាំគ្នា ប្រឈមមុខជាមួយគ្នា។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ម្សិលមិញនេះលោក Darmanin បានថ្លែងប្រាប់ទៅកាន់វិទ្យុរបស់បារាំង RMC ថាលោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី Meloni មិនអាចធ្វើការដោះស្រាយ ចំពោះបញ្ហាអន្តោប្រវេសបាននៅក្រោយ ការបោះឆ្នោតហើយវាគឺជាការភូតភរកុហក ចំពោះសម្លេងឆ្នោតរបស់លោកស្រី។

រំលឹកដែរថាលោកស្រី Meloni បានឡើងកាន់អំណាចកាលពីឆ្នាំមុន ដោយសន្យាថានឹងបង្កើនការ ទប់ស្កាត់ការនិរទេស និងបញ្ឈប់នាវាដែលដំណើរការ ដោយអង្គការក្រៅរដ្ឋាភិបាលពីការជិះកាណូត ទាំងហ្វូងៗដឹកជញ្ជូនជនចំណាកស្រុក ទៅកាន់កំពង់ផែអ៊ីតាលី៕

ប្រែសម្រួល៖ ស៊ុន លី

To Top