ព័ត៌មានអន្តរជាតិ

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ប្រកាសផ្ដល់រង្វាន់ ១ម៉ឺនដុល្លារ ដល់កីឡាករ-កីឡាការិនី ហែលទឹកដែលដណ្ដើមបានមេដាយមាស

ភ្នំពេញ៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសផ្ដល់រង្វាន់លើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារ ដល់កីឡាករ កីឡាការិនី ហែលទឹកដែលដណ្តើមបានមេដាយមាស។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៩រូប នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកោតសរសើរ និងអំណរគុណដល់កីឡាករ កីឡាការិនី និងគ្រូបង្វឹកគ្រប់រូប ដែលបានចំណាយទាំងកម្លាំងកាយចិត្ត និងពេលវេលាក្នុងការហ្វឹកហាត់ តាំងពីដើមរហូតមកដល់ ការប្រកួតនាពេលនេះ។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានបង្ហាញមោទនភាពចំពោះកីឡាករ កីឡាការិនី និងក្រុមគ្រួសារ ដែលជាកូនខ្មែរនៅបរទេស បានខិតខំបញ្ជូនកូន និងសាច់ញាតិ ឱ្យមកចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងឱកាសព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ដែលនេះហើយគឺជាការរួបរួមសាច់ឈាមខ្មែរ បេះដូងជាខ្មែរ ដែលតែងតែមកជួយដល់ជាតិខ្មែរ បើទោះជាមិនបានរស់នៅ ក្នុងប្រទេសក៏ដោយ។

ក្នុងពិធីសំណេះសំណាលនេះ ដើម្បីជាការលើកទឹកចិត្តដល់ប្រតិភូកីឡាករ កីឡាការិនី ទាំងអស់ លោកទេសរដ្ឋមន្ត្រី ក្នុងនាមជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានឧបត្ថម្ភដល់ កីឡាករ កីឡាការិនី និងគ្រូបង្វឹក វិញ្ញាសាកីឡាហែលទឹក ដែលនឹងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ក្នុងម្នាក់ៗ ២០០ ដុល្លារអាមេរិក បន្ថែមពីលើទឹកប្រាក់ឧបត្ថម្ភចំនួន ៥០០ដុល្លារអាមេរិកពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ជាពិសេសចំពោះកីឡាករ កីឡាការិនីដែលដណ្តើមបានមេដាយមាស នឹងទទួលបានរង្វាន់លើកទឹកចិត្តចំនួន ១ម៉ឺនដុល្លារបន្ថែម៕

To Top