បរទេស៖ ប្រទេសចិនកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យ មានការកាត់បន្ថយការបង្កហេតុ រវាងគ្នាក្រោយហេតុការណ៍វាយប្រហារ ដោយយន្តហោះដ្រូនទៅលើ វិមានក្រមឡាំងកាលពីព្រឹកថ្ងៃពុធ ដែលរុស្សីបានហៅការវាយប្រហារនេះ ជាការប៉ុនប៉ង់សម្លាប់មេដឹកនាំរុស្សីលោក Vladimir Putin ពីសំណាក់ប្រទេសអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ ក្រសួងការបរទេសចិនលោកស្រី Mao Ning បានពោលថា៖ ជំហរបស់ប្រទេសចិនចំពោះមុខ វិបត្តិនៅអ៊ុយក្រែនគឺច្បាស់ និងរក្សាលំនឹងដដែល។ គ្រប់ភាគីទាំងអស់ត្រូវតែជៀស ឲ្យបាននូវសកម្មភាពទាំងឡាយណា ដែលនាំឲ្យកើតមានទៅជាជម្លោះ កាន់តែធ្ងន់ធ្ងរជាងនេះ។
លោកស្រីបានបន្តទៀតថា៖ រដ្ឋាភិបាលក្រុងប៉េកាំងនឹងបន្តធ្វើការ ជាមួយនឹងសហគមអន្តរជាតិ ដើម្បីដើរតួយ៉ាងមានសកម្មភាពក្នុងកិច្ចខិតខំ ដោះស្រាយបញ្ហាតាមនយោបាយ នៅក្នុងជម្លោះក្នុងប្រទេសអ៊ុយក្រែន។
គួរឲ្យដឹងដែរថា យោងតាមការអះអាងរបស់ វិមានក្រមឡាំងយន្តហោះដ្រូនចំនួន ២គ្រឿង ត្រូវបានបាញ់បំផ្លាញនៅពីលើអាកាស នៅពេលដែលវាបានធ្វើដំណើរ មកដល់ទីតាំងវិមានរបស់ លោកប្រធានាធិបតី Putin ដែលកំពុងរស់នៅក្នុងទីក្រុងមូស្គូ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក មិនមានវត្តមាននៅទីនោះឡើយ ក្នុងពេលកើតហេតុ ៕
ប្រែសម្រួល៖ ស៊ុន លី
