ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល អះអាងថា អ៊ីរ៉ង់ពេលនេះមាន លទ្ធភាពគ្រប់គ្រាន់ ផលិតគ្រាប់នុយក្លេអ៊ែរបាន

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីស្រាអ៊ែលលោក Yoav Gallant កាលពីថ្ងៃព្រហស្បតិ៍នៅអំឡុងពេល បំពេញទស្សនកិច្ចក្នុងទីក្រុងអាតែននោះ បានលើកឡើងថា ប្រទេសអ៊ីរ៉ង់បានឈានទៅដល់ ដំណាក់កាលមួយទៀតដែលអាច ផលិតគ្រាប់ក្បាលនុយក្លេអ៊ែរ ដោយខ្លួនឯងក្នុងចំនួន យ៉ាងហោចណាស់៥គ្រាប់។

យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា រដ្ឋាភិបាលក្រុងតេហរ៉ង់ នឹងមិនបញ្ឈប់ក្នុងការផលិត គ្រាប់នុយក្លេអ៊ែរតែមួយគ្រាប់នោះឡើយ ហើយលោករដ្ឋមន្ត្រីការពារជាតិរូបនេះ ក៏បានព្រមានដែរថាការវិវត្តន៍មួយនេះ នឹងធ្វើឲ្យមានហនិភ័យកាន់តែខ្លាំងឡើង ចំពោះតំបន់មជ្ឈឹមបូព៍ាជាមិនខាន។

លោក Gallant បានពោលបែបនេះថា៖ កុំយល់ច្រឡំឲ្យសោះថា អ៊ីរ៉ង់នឹងសប្បាយចិត្តនៅពេលដែលខ្លួន អាចមានគ្រាប់នុយក្លេអ៊ែរតែមួយគ្រាប់នោះ។ មកទល់ពេលនេះអ៊ីរ៉ង់ បានចំរាញ់បានសារជាតុអ៊ុយរ៉ាញ៉ូមពី ២០ទៅ៦០ភាគរយ ទៅហើយសម្រាប់ការផលិតគ្រាប់នុយក្លេអ៊ែរ សរុបយ៉ាងហោចណាស់៥គ្រាប់។

ទោះបីជាយ៉ាងណាក្តីលោករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលរូបនេះ បានលើកឡើងដែរថា អ៊ុយរ៉ាញ៉ូមដែលត្រូវការនោះ ចាំបាច់ចំរាញ់ឲ្យបានទៅដល់ ៩០ភាគរយ មុនពេលដែលវាអាចយកទៅប្រើប្រាស់ ក្នុងការផលិតបានជា គ្រាប់នុយក្លេអ៊ែរមួយបាន៕

ប្រែសម្រួល៖ ស៊ុន លី

To Top