ព័ត៌មានអន្តរជាតិ

រុស្ស៊ី អះអាងថា អាមេរិក នៅពីក្រោយការវាយប្រហារ ដោយយន្តហោះដ្រូន លើវិមានក្រឹមឡាំង

ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី មានភស្តុតាងដែលបង្ហាញថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារ ដោយយន្តហោះដ្រូននាពេលថ្មីៗនេះ លើវិមានក្រឹមឡាំង។

លោកបានលើកឡើងថា “យើងមានទិន្នន័យនេះ។ ទិន្នន័យ ដែលត្រូវបានទទួលដោយ សេវាកម្មពិសេសរបស់យើង” ដោយលោក បាននិយាយអំពីការប៉ុនប៉ង វាយប្រហារដោយយន្តហោះដ្រូន កាលពីថ្ងៃពុធនៅលើវិមានក្រឹមឡាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក បានកត់សម្គាល់ថា សហរដ្ឋអាមេរិក ត្រូវតែយល់ថា រុស្ស៊ីដឹងពីការចូលរួមរបស់ខ្លួន ក្នុងការវាយប្រហារភេរវកម្ម ដោយលើកឡើងថា វាជារឿងសំខាន់សម្រាប់ក្រុងវ៉ាស៊ីនតោន ដើម្បី “យល់ថាតើការចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះនេះពិតជាមានគ្រោះថ្នាក់ប៉ុណ្ណា”។

សេវាសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី បានឲ្យដឹងថា អ៊ុយក្រែន ប៉ុនប៉ងធ្វើឃាតប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដោយប្រើយន្តហោះដ្រូន ពីរគ្រឿងដើម្បីវាយប្រហារលំនៅដ្ឋាន វិមានក្រឹមឡាំងរបស់លោក។ វិមានក្រឹមឡាំងបានឲ្យដឹងថា យោធា និងសេវាកម្មពិសេសបានប្រើរ៉ាដាសង្គ្រាម ដើម្បីដាក់យានអាកាសដ្រូនចេញពីសកម្មភាព។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រុមប្រឹក្សា សន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការអះអាងរបស់រុស្ស៊ី គឺមិនពិតនោះទេ។ ដោយលោកបានប្រាប់ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “មិនមានការចូលរួមពីសហរដ្ឋអាមេរិក នៅក្នុងការវាយប្រហារនេះឡើយ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top