“ថ្ងៃឈប់សម្រាកនៃទិវាពលកម្ម១ ឧសភា របស់ចិនបានបង្កើតសន្ទុះកំណើនទេសចរណ៍ ដែលពិបាករកទិញសំបុត្ររថភ្លើង ឬសំបុត្រយន្តហោះណាស់” “ការចំណាយលើការប្រើប្រាស់ របស់ចិនត្រូវបានបង្ហាញយ៉ាងខ្លាំងក្លា “សេដ្ឋកិច្ចរបស់ចិនកំពុងបង្កើនល្បឿន”។ល។ ក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្ម ១ឧសភា ដែលទើបបានកន្លងផុតទៅ ប្រព័ន្ធសារព័ត៌មានបរទេស បាននាំគ្នាចេញផ្សាយអត្ថបទ ដើម្បីផ្តោតការយកចិត្តទុកដាក់ ទៅលើសេដ្ឋកិច្ចរបស់ចិន ។
តាមទិន្នន័យដែលរដ្ឋាភិបាលចិន បានប្រកាសជាផ្លូវការបានឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៃទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំនេះ ចំនួនអ្នកទេសចរក្នុងស្រុកចិនសរុបគឺ ២៧៤លាននាក់ ដែលកើនឡើង៧០,៨៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ គឺសម្រេចបាននូវចំណូលទេសចរណ៍ ក្នុងស្រុកចិនចំនួន ១សែន៤ម៉ឺន៨ពាន់៥៦លានយាន់ប្រាក់ចិន ដែលកើនឡើង១២៨,៩០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។
ចំនួនកក់បន្ទប់សណ្ឋាគារលើ វេទិកាធ្វើដំណើរពាក់ព័ន្ធបានកើនឡើងលើសពី ១០ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៩ ។
ក្រៅពីទីផ្សារវប្បធម៌និងទេសចរណ៍ មានភាពសន្ទុះខ្លាំងក្លា ឧស្សាហកម្មសេវាកម្មខាងជីវភាពរស់នៅ ដូចជាមុខរបរភោជនីយដ្ឋាន ជាដើមក៏ស្ទុះឡើងផងដែរ ។ តាមទិន្នន័យនៃវេទិកាធុរកិច្ច អេឡិចត្រូនិកមួយឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃឈប់សម្រាក ទិវាពលកម្មអន្តរជាតិ ទំហំប្រើប្រាស់តាមអនឡាញ គិតជាមធ្យមក្នុងមួយថ្ងៃនៃឧស្សាហកម្ម សេវាកម្មខាងជីវភាពរស់នៅរបស់ចិន បានកើនឡើង១៣៣ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០១៩ ដោយទទួលបានថ្ងៃឈប់សម្រាក “ថ្ងៃ១ឧសភា”ដែលទទួលបានផលចំណេញ យ៉ាងកាក់កបបំផុតក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ ។ ក្រៅពីនេះ ទំហំទឹកប្រាក់សរុបនៃ ការលក់សំបុត្រភាពយន្ត ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក “១ឧសភា”គឺលើសពី ១ពាន់៥រយលានយាន់ប្រាក់ចិន ដែលកាន់លំដាប់ថ្នាក់ទីបីនៃ ទំហំទឹកប្រាក់នៃការលក់សំបុត្រ ភាពយន្តក្នុងប្រវត្តិសាស្ត្រភាពយន្តចិន ក្នុងអំឡុងពេល “ថ្ងៃ១ឧសភា” ។ ទន្ទឹមនឹងការកែសម្រួល គោលនយោបាយចេញចូលដែន អ្នកទេសចរណ៍ចិនបានជំរុញនូវសន្ទុះ នៃការធ្វើដំណើរទៅក្រៅប្រទេស ក្នុងថ្ងៃឈប់សម្រាក “១ឧសភា”នេះ ។

តាមទិន្នន័យនៃវេទិកាធ្វើដំណើរ ទេសចរណ៍ពាក់ព័ន្ធឱ្យដឹងថា ចំនួនកក់កញ្ចប់ទេសចរណ៍ ចេញទៅក្រៅប្រទេសក្នុងស្រុកទាំងមូល បានកើនឡើងលើសពី១៨ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ ។ អ្នកទទួលខុសត្រូវម្នាក់នៃទីភ្នាក់ងារទេសចរណ៍ នៃប្រទេសអេមីរ៉ាអារ៉ាប់រួមបានថ្លែងថា ការមកដល់នៃភ្ញៀវទេសចរណ៍ចិន បានជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ នៃប្រទេសទេសចរណ៍ដ៏ពេញនិយម ដូចជាអេមីរ៉ាអារ៉ាប់រួមជាដើម ។
សេដ្ឋកិច្ចថ្ងៃឈប់សម្រាកជាបង្អួចដ៏សំខាន់ សម្រាប់សង្កេតមើលសេដ្ឋកិច្ចរបស់ចិន ។ បន្ទាប់ពីសេដ្ឋកិច្ចក្នុងត្រីមាសទីមួយ សម្រេចបាននូវកំណើនលើសពីការប៉ាន់ប្រមាណ ទិន្នន័យអំពីការប្រើប្រាស់ជាច្រើន ក្នុងថ្ងៃឈប់សម្រាក “ថ្ងៃ១ឧសភា” ក៏បានលើសពីការប៉ាន់ប្រមាណផងដែរ ដែលបានបង្ហាញយ៉ាងពេញលេញថា កម្លាំងចលករផ្ទៃក្នុងនៃទីផ្សារប្រើប្រាស់ របស់ចិនកំពុងដើរតួនាទីយ៉ាងឆាប់រហ័ស ពោលគឺ តួនាទីជំរុញកំណើនសេដ្ឋកិច្ចនៃ ការប្រើប្រាស់បានកើនឡើងថែមមួយកម្រិតទៀត ។
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប្រកាស 《របាយការណ៍ស្តីពីទស្សនទាន សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក》 ថ្មីបំផុតដោយបានលើកឡើងថា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ការរួមចំណែករបស់ចិនចំពោះ កំណើនសេដ្ឋកិច្ចសកល បានកាន់លំដាប់ថ្នាក់ទីមួយ ។ ក្រុមហ៊ុន Goldman Sachs បានព្យាករណ៍ថា ដល់ចុងឆ្នាំ២០២៣ ការងើបឡើងវិញដោយគ្រប់ជ្រុងជ្រោយ នៃតម្រូវការក្នុងប្រទេសចិននឹងជំរុញឱ្យ ផលិតផលក្នុងស្រុកសរុបសកល កើនឡើងប្រហែល១ភាគរយ ។
ទន្ទឹមនឹងប្រទេសចិន កំពុងជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ចំណុចក្តៅនៃតម្រូវការប្រើប្រាស់ថ្មី បានលេចចេញឥតឈប់ឈរ ។ ដូចជាតម្រូវការខាងរថយន្តដើរដោយថាមពលថ្មី ការកែលម្អផ្ទះស្នាក់នៅ និងសេវាកម្មផ្នែកអប់រំ វេជ្ជសាស្ត្រ វប្បធម៌និងកីឡាជាដើម ដែលនឹងបង្កើតឱកាសថ្មី ដល់ពិភពលោកជាបន្តបន្ទាប់ ។
មជ្ឈដ្ឋានខាងក្រៅបានផ្តោតសំខាន់ ទៅលើប្រទេសចិនម្តងហើយម្តងទៀត ដែលបានបង្ហាញថា រថភ្លើងល្បឿនលឿននៃការអភិវឌ្ឍសេដ្ឋកិច្ច របស់ចិននេះគឺមិនអាចខកខានបានឡើយ ៕
