ព័ត៌មានអន្តរជាតិ

លិខិតមិត្តអ្នកអាន៖ ក្រុមអ្នកនេសាទដែលនាំឱ្យកម្ពុជា ល្បីល្បាញពេញពិភពលោក រឿងបបែលយក្សទឹកសាបទន្លេមេគង្គ កំពុងជាប់បន្តឹង អយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង

អ្នកនេសាទបងប្អូនពីរនាក់ ដែលបាននាំឱ្យប្រទេសកម្ពុជា មានមោទកភាព និងភាពល្បីល្បាញ អំពីត្រីបបែលយក្សទឹកសាបទន្លេមេគង្គ ដែលពួកគាត់ចាប់បាន ទម្ងន់ ៣០០គីឡូក្រាម ហើយត្រូវបានជាប់ក្នុងកំណត់ត្រា «ហ្គីនណេស វើលរីខត» Guinness World Record ជាត្រីបបែលយក្សទឹកសាបធំជាងគេ លើពិភពលោក ឈ្មោះ កន សុផុល ភេទប្រុស អាយុ ៣៩ឆ្នាំ និង មូន ថូន ភេទប្រុស អ្នកទាំងពីរជាកសិករ រស់នៅក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវបានអយ្យការអបសាលាដំបូងខេត្តស្ទឹងត្រែង ចេញដីការកោះឱ្យចូលខ្លួនដើម្បីសាកសួរ និងឆ្លើយបំភ្លីចំនួនពីរលើក។

អ្នកទាំងពីរ ត្រូវបានអយ្យការអបសាលាដំបូងខេត្តស្ទឹងត្រែង កោះហៅឡើងតុលាការចំនួនពីរលើកហើហយ។ លើកទី១ ក្នុងសំណុំរឿងព្រហ្មទណ្ឌខេត្ត ០២៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឱ្យចូលទៅកាន់ អយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទីព្រឹក ដោយតំណាងអយ្យការ អបសាលាដំបូងខេត្តស្ទឹងត្រែង លោកព្រះរាជអាជ្ញារង ស៊ីន រក្សា តាមបន្តឹងរបស់ខណ្ឌរដ្ឋជលផលស្ទឹងត្រែង ដើម្បីសាកសួរពីដំណើររឿង «ករណីនេសាទជាលក្ខណៈគ្រូសារ នៅក្នុងតំបន់អភិរក្សជលផល កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣»។

បើយោងទៅតាម កន សុផុល និង មូន ថូន បានឱ្យដឹងថា ពួកគាត់បានទៅតាមដីការកោះរបស់ អយក្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដែលត្រូវបាននៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៨:៣០ នាទីនោះ។ ពេលទៅដល់សាលាដំបូងខេត្តស្ទឹងត្រែង កន សុផុល បានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានអានសំណុំរឿងបទចោទឱ្យពួកគាត់ស្តាប់។ បន្ទាប់មក តំណាងអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សួរពួកគាត់ថា «តើមានលទ្ធភាពប៉ុន្មាន (ប្រាក់) ដើម្បីដោះស្រាយ?»

កន សុផុល តបថា៖ «ខ្ញុំក្រណាស់ ខ្ញុំពុំមានលទ្ធភាពទេ។ នៅជាប់ខ្លួនខ្ញុំ មានប្រាក់តែ៤០ម៉ឺនរៀលប៉ុណ្ណោះ»។ ចំនួនប្រាក់ ៤០ម៉ឺនរៀលនេះ មិនអាចដោះស្រាយបានឡើយ។ ទោះយ៉ាងណាក៏ពួកគាត់ពុំមានជំរើសដែរ ត្រូវតែរកបន្ថែមឱ្យអស់លទ្ធភាព។ ទីបំផុត កន សុផល ក៏ប្រម៉ែប្រមូលបានពី មូន ថូន បានប្រាក់ ១០ម៉ឺនរៀល ដើម្បីបន្ថែមលើប្រាក់របស់គាត់ ៤០ម៉ឺនរៀល ដើម្បីគម្រប់ ៥៥ម៉ឺនរៀល។ ក្រោយប្រគល់ប្រាក់ហើយ តំណាងអយ្យការអមតុលាការខេត្តស្ទឹងត្រែង ក៏អនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយពុំមានប្រាក់ជាប់ខ្លួនសូម្បីមួយរៀល។ ពួកគាត់មិនត្រូវបានប្រាប់ថាមានជាប់បទចោទអ្វីឡើយ ដោយខាងសាលាដំបូងគ្រាន់តែប្រាប់ថា ពួកគាត់ត្រូវត្រឡប់មកអយ្យការអបសាលាដំបូង តាមការកោះហៅជាលើកទីពីរទៀត។

លើកទីពីរ សាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីការបង្គាប់ឱ្យចូលខ្លួន ដែលបានចុះហត្ថលេខាដោយ លោកចៅក្រមស៊ើបសួរ លាង តុងម៉េង ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៣ ដើម្បីសាកសួរពីដំណើររឿង «នេសាទជាលក្ខណៈគ្រួសារក្នុងកន្លែងអភិរក្សជល និងប្រឆាំងនឹងអ្នករាជការសាធារណៈ ប្រព្រឹត្តនៅចំណុចកន្ទុយកោះកូនសត្វ សិ្ថតនៅភូមិកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣» ដើម្បីឱ្យចូលខ្លួនមកចំពោះមុខ សលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង ៨ និង៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿងព្រហ្មទណ្ឌខាងលើ។

ជាអ្នកពុំសូវយល់អំពីច្បាប់ ជាកសិករ ពុំធ្លាប់បង្កបញ្ហាក្នុងភូមិ ស្រុក ទោះតូចក្តី ធំក្តី មានមុខរបរប្រចាំថ្ងៃជាអ្នកធ្វើស្រែ និងនេសាទ ពួកគាត់រន្ធត់ចិត្ត និងបានសម្តែងក្តីបារម្ភខ្លាំង បើក្នុងករណីតម្រូវឱ្យគាត់បង់ប្រាក់ដូចលើកទីមួយទៀតនោះ ពួកគាត់នឹងពុំមានលទ្ធភាពបង់ឡើយ ព្រោះចាប់ពីពួកគាត់ជាប់ក្តីក្តាំនេះមក ពួកគាត់មិនសូវហ៊ានចុះទន្លេដើម្បីនេសាទត្រី ដែលជាប្រភពចំណួលប្រចាំថ្ងៃនោះទៀតឡើយ ហើយចំណួលសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ ក៏បាត់ពាក់កណ្តាលដែរ។

អ្នកទាំងពីរ សូមអំពាវនាវដល់សម្តេចហ៊ុន សែន មេត្តាជួយដល់ពួកគាត់ផង ព្រោះបន្ទាប់ពីជាប់ក្តីក្តាំនេះ មកជីវភាពរបស់គាត់ដែលពឹងផ្អែកទាំងស្រុងលើការធ្វើស្រែ និងនេសាទត្រី បានធ្លាក់ចុះយ៉ាងខ្លាំង។ មានតែសម្តេចទេ ដែលដឹងច្បាស់ពីសុខទុក្ខអ្នកស្រែចម្ការដូចពួកគាត់ពិតប្រាកដ។ គួរពុំគួរ សូមសម្តេចមេត្តាអធ្យាស្រ័យដោយក្តីមេត្តា និងអនុគ្រោះ៕

To Top