ព័ត៌មានអន្តរជាតិ

ឧបនាយករដ្ឋមន្ត្រី របស់ថៃមួយរូប ព្រមានថា លោក ថាក់ស៊ីន នឹងត្រូវចូលគុក ប្រសិនបើត្រឡប់មកថៃវិញ

បរទេស ៖ ឧបនាយករដ្ឋមន្ត្រីរបស់ថៃ គឺលោក Wissanu Krea-ngam បានប្រាប់សារព័ត៌មាននៅថ្ងៃអង្គារថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងជាប់ពន្ធនាគារ ប្រសិនបើគាត់ត្រលប់មកប្រទេសថៃវិញ។

យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Wissanu បានឆ្លើយតបទៅនឹងការលើកឡើង ដែលបានបង្ហោះ ដោយនាយករដ្ឋមន្ត្រីនិរទេសខ្លួន ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយនិយាយថា លោកនឹងត្រលប់មកប្រទេសថៃវិញ មុនថ្ងៃខួបកំណើតអាយុ ៧៤ ឆ្នាំរបស់លោក គឺនៅថ្ងៃទី ២៦ ខែកក្កដា បន្ទាប់ពីជិត ១៧ ឆ្នាំនៃការឃ្លាតឆ្ងាយពីគ្រួសាររបស់លោក។

លោកថាក់ស៊ីន បានរស់នៅនិរទេសខ្លួនតាំងពីឆ្នាំ ២០០៨ ដោយចំណាយ ពេលភាគច្រើននៅទីក្រុងឌូបៃ បន្ទាប់ពីរដ្ឋាភិបាល របស់លោកត្រូវបានទម្លាក់ដោយរដ្ឋប្រហារយោធា ដឹកនាំដោយឧត្តមសេនីយ Sonthi Boonyaratglin កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០០៦ ហើយលោកក៏ប្រឈមនឹងការចោទប្រកាន់ និងកាត់ទោសដាក់គុកជាច្រើន ករណីផងដែរ ជុំវិញការចោទប្រកាន់ពីបទពុករលួយ ការគេចពន្ធ និងការរំលោភអំណាច ។

នៅដើមថ្ងៃទី១ ខែឧសភា លោកថាក់ស៊ីន បានប្រាប់ពីការវិលត្រឡប់របស់លោក ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី Paetongtarn សម្រាលបានកូនទីពីរ ដោយនិយាយថា លោកនឹងត្រលប់ទៅមើលចៅទី ៧ របស់លោក។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចាំផ្ទះថៃ លោក វិសានុ បានចង្អុលបង្ហាញថា ស្ថានភាពផ្លូវច្បាប់មានបីប្រភេទ ដែលទាក់ទងនឹងលោកថាក់ស៊ីន ដែលទី១ គឺការផ្តន្ទាទោសចំពោះករណី ដែលតុលាការបានចេញសាលក្រមមានទោសរួចហើយ, ទី២ករណី ដែលរង់ចាំសាលក្រម និងទី៣ ករណីដែលតុលាការបានកាត់ទោសថា លោកគ្មានទោស ។

លោក វិសានុ បានបន្ថែមថា លោកថាក់ ស៊ីន នឹងត្រូវស្ថិតនៅក្នុងការឃុំឃាំងរបស់តុលាការ មុនពេលដែលគាត់អាចដាក់ពាក្យ សុំនៅក្រៅឃុំក្នុងអំឡុងពេលដំណើរ ការបណ្តឹងឧទ្ធរណ៍ ដូចអ្នកទោសដទៃទៀតដែរ៕

To Top