ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់ ឌឺដងថ្ងៃជ័យជំនះរបស់រុស្ស៊ីថា ធ្វើដើម្បីបង្ហាញ ពីការតម្លើងសាច់ដុំយោធា របស់ប្រធានាធិបតី ពូទីន

បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអះអាងថា ក្បួនដង្ហែរនៅទិវាជ័យជំនះ ប្រពៃណីក្នុងឆ្នាំនេះ នៅទីក្រុងមូស្គូ ដែលត្រូវបានប្រើប្រាស់ ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គឺដើម្បីបង្ហាញពីការតម្លើង សាច់ដុំយោធារបស់គាត់ ។ មេដឹកនាំអាល្លឺម៉ង់ក៏បានថ្កោលទោស ចំពោះសកម្មភាពរបស់វិមានក្រឹមឡាំង នៅអ៊ុយក្រែន ដោយជំរុញឱ្យ EU គាំទ្រ ក្រុងគៀវឱ្យបានយូរ តាមតែចាំបាច់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសុន្ទរកថា ទៅកាន់សភាអឺរ៉ុប ដែលប្រារព្ធទិវាអឺរ៉ុបកាលពីថ្ងៃអង្គារ លោក Scholz បាននិយាយថា “ចម្ងាយ ២ ២០០ គីឡូម៉ែត្រទៅភាគឦសាននៃទីក្រុង Strasbourg លោកពូទីន កំពុងដង្ហែទាហាន រថក្រោះ និងមីស៊ីលរបស់គាត់” ។

អធិការបតីអាល្លឺម៉ង់បាននិយាយថា ទោះជាយ៉ាងនេះក្តី សហភាពអឺរ៉ុប មិនគួរភិតភ័យដោយ “ការដាក់ឥរិយាបថ” របស់មេដឹកនាំរុស្ស៊ីនោះទេ លោកបានអំពាវនាវឲ្យរដ្ឋជាសមាជិក «រក្សាស្ថិរភាពក្នុងការគាំទ្រសម្រាប់អ៊ុយក្រែន ឲ្យបានយូរតាមការចាំបាច់»។

លោក Scholz ក៏បាននិយាយផងដែរ នៅក្នុងការពេញចិត្ត នៃកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ ក្នុងចំណោមរដ្ឋសមាជិកសហភាព អឺរ៉ុបលើវិស័យការពារជាតិ និងការផលិតអាវុធ ។ អធិការបតីអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសម្ព័ន្ធភាពអឺរ៉ុបជាមួយសហរដ្ឋអាមេរិក ក៏ដូចជាការពង្រីកទៅទិសខាងកើត របស់សហភាពអឺរ៉ុប ជាមួយនឹងការចូលជាសក្តានុពល នៃរដ្ឋបាល់កង់ខាងលិច អ៊ុយក្រែន ម៉ុលដាវី និង ប្រទេសហ្សកហ្ស៊ី ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃអង្គារ ក្បួនព្យុហយាត្រាយោធារំលឹកខួបលើកទី៧៨ នៃជ័យជម្នះរបស់សហភាពសូវៀត លើពួកណាស៊ីអាល្លឺម៉ង់ ត្រូវបានប្រារព្ធឡើងនៅលើទីលាន Red Square ក្នុងទីក្រុងម៉ូស្គូ ៕

To Top