ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត និងស៊ីរី បើកដំណើរការស្ថានទូត រវាងគ្នាឡើងវិញ

បរទេស ៖ ប្រទេសស៊ីរី និងអារ៉ាប៊ីសាអូឌីត បានឈានទៅដល់ការព្រមព្រៀងគ្នា ក្នុងការបើកដំណើរ ការសកម្មភាពកាទូត រវាងគ្នាឡើងវិញ បន្ទាប់ពីបានកាត់ផ្តាច់អស់ រយៈពេល១០ឆ្នាំកន្លងមក ។

យោងតាមការចេញផ្សាយរបស់ RT បានសរសេរថា ការសម្រេចចិត្តរួមគ្នានេះ គឺជាការស្តារទំនាក់ទំនងកាទូតឡើងវិញ ដោយរដ្ឋាភិបាលទីក្រុង Riyadh ជាមួយនឹងអតីតគូសត្រូវ របស់ខ្លួនហើយនៅក្រោយបន្តិច នៃការស្តាទំនាក់ទំនងកាទូតឡើងវិញ របស់អារ៉ាប៊ីសាអូឌីតជាមួយ នឹងប្រទេសអ៊ីរ៉ង់ក្រោមកិច្ចខិតខំជួយ សម្របសម្រួលរបស់ចិនផងដែរ ។

ក្រសួងការបរទេស របស់ប្រទេសស៊ីរី បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃពុធថា ការរៀបចំទំនាក់ទំនងកាទូតឡើងវិញនេះ នឹងអាចជួយបង្កើនទំនាក់ទំនងទ្វេភាគី រវាងប្រទេសក្នុងតំបន់អារ៉ាប់ ។

ក្រសួងការបរទេស អារ៉ាប៊ីសាអូឌីត បានចេញសេចក្តីជូនដំណឹងស្រដៀងគ្នានេះ កាលពីថ្ងៃម្សិលមិញដោយសង្កត់ធ្ងន់លើ ទំនាក់ទំនងភាតរភាព ដែលបង្រួបបង្រួមប្រជាជន នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងសាធារណរដ្ឋអារ៉ាប់ស៊ីរី៕

ប្រែសម្រួល៖ស៊ុនលី

To Top