ព័ត៌មានអន្តរជាតិ

អាមេរិក ស្ទាក់ស្ទើរក្នុងការបញ្ជូនមីស៊ីល រយៈចម្ងាយឆ្ងាយឱ្យអ៊ុយក្រែន ដោយសារបារម្ភអំពី បច្ចេកទេសប្រើប្រាស់

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក មានការស្ទាក់ស្ទើរក្នុង ការធ្វើតាមចក្រភពអង់គ្លេស និងបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន មួយផ្នែក ដោយសារតែមានការព្រួយបារម្ភលើការ បណ្តុះបណ្តាល និងការថែទាំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់លោក Antony Blinken បានកើតឡើងបន្ទាប់ពីចក្រភពអង់គ្លេសបានបញ្ជាក់ថា ខ្លួនបានផ្គត់ផ្គង់ឱ្យអ៊ុយក្រែន ជាមួយនឹងមីស៊ីល រយៈចម្ងាយឆ្ងាយ Cruise Storm Shadow ដែលអាចបាញ់បានចំគោលដៅជាង ២៥០ គីឡូម៉ែត្រ ។

លោក Blinken បានប្រាប់ PBS NewsHour ដោយបន្ថែមថា សហរដ្ឋអាមេរិកបានផ្តល់រឿងមួយចំនួនជាពិសេស ដល់អ៊ុយក្រែន តាមរយៈដំណើរការនេះ” ហើយថា ប្រទេសផ្សេងគ្នានឹងធ្វើរឿងផ្សេងៗគ្នា អាស្រ័យលើសមត្ថភាព របស់ពួកគេ”។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានស្នើថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែប្រាកដថា អ៊ុយក្រែន មានការបណ្តុះបណ្តាល និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីគ្រប់គ្រងប្រព័ន្ធអាវុធទំនើបជាងនេះ។

លោក Blinken បានអះអាងថា “ប្រសិនបើពួកគេមិនដឹងពីរបៀបប្រើវានោះវានឹងមិនដំណើរការល្អច្រើនទេ” ។ «បើគេមិនចេះថែរក្សាទេ អ្នកឲ្យវាទៅ វាដាច់ក្នុងរយៈពេល ៧ ថ្ងៃ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top