ព័ត៌មានអន្តរជាតិ

លោក Erdogan លើកសរសើរទំនាក់ទំនង ជាពិសេសជាមួយនឹងលោក Putin

បរទេស៖ នៅក្នុងបទសំភាសមួយ ជាមួយនឹងទូរទស្សន៍ CNN លោកប្រធានាធិបតី Recep Tayyip Erdogan បានថ្លែងថា ការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ តាមសមុទ្រខ្មៅនឹងមិនអាចទៅរួចទេបើគ្មាន ទំនាក់ទំនងជាពិសេសរបស់ ប្រទេសតួគីជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin ។

លោកបន្តទៀតថា៖ ដោយមានការសម្របសម្រួល ជាមួយអង្គការសហប្រជាជាតិ និងប្រទេសតួគីកាលពីខែកក្កដា បានបង្ហាញនូវគំនិតផ្តួចផ្តើមនេះ អនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួនទៅកាន់ទីផ្សារជុំវិញពិភពលោក បើទោះបីជាជម្លោះយោធា កំពុងបន្តជាមួយរុស្ស៊ីក៏ដោយ។

គួរឲ្យដឹងដែរថាកិច្ចព្រមព្រៀងនេះ ត្រូវបានកំណត់សុពលភាព នៅត្រឹមថ្ងៃទី១៨ ខែឧសភា នេះប៉ុណ្ណោះប៉ុន្តែប្រទេសរុស្ស៊ី បានចុះហត្ថលេខាលើការបន្តរយៈពេល ៦០ថ្ងៃទៀត កាលពីថ្ងៃពុធទាំងដែលសហភាពអឺរ៉ុប បានបរាជ័យក្នុងការដកការរឹតបន្តឹង របស់ខ្លួនលើការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់រុស្ស៊ី ដូចដែលបានព្រមព្រៀងគ្នាក៏ដោយ។

គួរឲ្យដឹងដែរថាលោក Erdogan តែងតែបានបន្តកិច្ចសន្ទនាគ្នា ជាទៀងទាត់ជាមួយលោក Putin ចាប់តាំងពីប្រតិបត្តិការយោធា របស់រុស្ស៊ីនៅអ៊ុយក្រែនបានចាប់ផ្តើម ហើយតួគី គឺជាសមាជិកតែមួយគត់ របស់អង្គការណាតូដែលមិនបានដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top