ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្ត្រីជាន់ខ្ពស់ និងជាអ្នកជំនួញដ៏លេចធ្លោ នៅម៉ាឡេស៊ីមួយរូបកំពុងស្ថិតក្រោម ការស៊ើបអង្កេតដោយអង្គភាព ប្រឆាំងនឹងអំពើពុករលួយ ពីបទក្លែងបន្លំថវិកាជាតិជាង ៥០០លានដុល្លារ

កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា អតីតរដ្ឋមន្ត្រីម៉ាឡេស៊ី និងជាអ្នកជំនួញដ៏លេចធ្លោម្នាក់ដែលមានងារជា តាន់ ស្រ៊ី (Tan Sri) កំពុងត្រូវបានស៊ើបអង្កេតដោយទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះ ពាក់ព័ន្ធនឹងការក្លែងបន្លំថវិកាជាតិ ដែលមានតម្លៃជាង ៥០៥លានដុល្លារអាមេរិក ។

គួរបញ្ជាក់ថា តាន់ ស្រ៊ី ជាងារកិត្តិយសមួយដែលប្រគល់ជូន បុគ្គលកិត្តិយសរួមទាំងអ្នកសិក្សា អ្នកជំនួញ និងអ្នកនយោបាយដោយព្រះមហាក្សត្រ ឬស៊ុលតង់នៃរដ្ឋរបស់ពួកគេ ។

ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama ដកស្រង់ប្រភពមួយបានរាយការណ៍ ឲ្យដឹងកាលពីថ្ងៃសុក្រថា “ការផ្តោតការស៊ើបអង្កេត គឺទាក់ទងទៅនឹងការទិញ និងកម្មសិទ្ធិនៃភាគហ៊ុននៅក្នុង ក្រុមហ៊ុនចុះបញ្ជីដ៏ធំដែលត្រូវបានគេបញ្ជាក់ថា ត្រូវបានរៀបចំដោយអតីតរដ្ឋមន្ត្រីជាន់ខ្ពស់ ។

“ប្រតិបត្តិការនៃការទិញ និងការកាន់កាប់ភាគហ៊ុននេះត្រូវបានគេជឿថា ជាមូលហេតុនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ និងការដួលរលំនៃរូបិយប័ណ្ណរីងហ្គីត នៅចុងទសវត្សរ៍ឆ្នាំ១៩៩០” ។

ប្រភពបានឲ្យដឹងទៀតថា ភាគហ៊ុនត្រូវបានគេកេងយក ដើម្បីឲ្យបុគ្គលដែលពាក់ព័ន្ធអាចរួចខ្លួន ពីការខាតបង់បន្ថែមទៀត ។

យោងតាមសារព័ត៌មាន Bernama ប្រភពបានឲ្យដឹងថា ការស៊ើបអង្កេតផ្តោតលើ ប្រតិបត្តិការពីការលក់ភាគហ៊ុន របស់ក្រុមហ៊ុនដែលបានចុះបញ្ជី ក៏ដូចជាកម្មសិទ្ធិលើទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលជាកម្មសិទ្ធិរបស់អ្នកជំនួញ និងអតីតរដ្ឋមន្ត្រីជាន់ខ្ពស់ និងសមាជិកគ្រួសាររបស់ពួកគេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top