ព័ត៌មានអន្តរជាតិ

មេដឹកនាំ Quad ប្តេជ្ញាបន្តតំបន់ ដោយគ្មានការបំភិតបំភ័យ និងការបង្ខិតបង្ខំ

តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន អូស្ត្រាលី ឥណ្ឌា និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាក្នុងការបន្តតំបន់ ដែលមិនមាន “ការបំភិតបំភ័យ និងការបង្ខិតបង្ខំ” ដោយធ្វើការប្តេជ្ញាចិត្តជាថ្មីក្នុងការរក្សាសណ្តាប់ធ្នាប់ ដែលមានមូលដ្ឋានលើច្បាប់ក្នុងការប្រឈមមុខនឹងមហិច្ឆតាយោធា និងសេដ្ឋកិច្ចរបស់ប្រទេសចិន។

កិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមទាំង៧​ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ពួកគេក៏បានលើកឡើងពីគោលការណ៍មួយចំនួន នៃភាពជាដៃគូដែលត្រូវបានគេស្គាល់ថា Quad នៅពេលដោះស្រាយបញ្ហាប្រឈមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ពួកគេរួមបញ្ចូលការគ្រប់គ្រងការប្រកួតប្រជែង “ប្រកបដោយការទទួលខុសត្រូវ” និងធ្វើការ “ប្រកបដោយតម្លាភាព” ជាមួយដៃគូក្នុងតំបន់ផ្សេងទៀត។

នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានលើកឡើងថា “បរិយាកាសសន្តិសុខកាន់តែធ្ងន់ធ្ងរទៅៗ” ហើយថា “សណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ គឺស្ថិតនៅក្រោមការគំរាមកំហែង” នៅពេលលោក អង្គុយរួមគ្នាជាមួយមេដឹកនាំផ្សេងទៀត។

នៅក្រោមកាលៈទេសៈបែបនេះ លោកបានលើកឡើងថា វាមានសារៈសំខាន់ជាពិសេសក្នុងការលើកទឹកចិត្តសហគមន៍អន្តរជាតិឱ្យមាន “កិច្ចសហប្រតិបត្តិការ” បន្ថែមទៀត មិនមែន “ការបែងចែក និងការប្រឈមមុខគ្នា” នោះទេ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងថា បេសកកម្មមួយរបស់ក្រុមគឺដើម្បីបង្ហាញពី “សមត្ថភាពនៃលទ្ធិប្រជាធិបតេយ្យក្នុងការផ្តល់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

មេដឹកនាំប្រទេស G7 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា “ចក្ខុវិស័យរបស់យើង គឺសម្រាប់តំបន់ ដែលមានសន្តិភាព និងវិបុលភាព ស្ថិរភាព និងសុវត្ថិភាព និងការគោរព ចំពោះអធិបតេយ្យភាព ដោយមិនមានការគំរាមកំហែង និងការបង្ខិតបង្ខំ ហើយជាកន្លែងដែលជម្លោះត្រូវបានដោះស្រាយស្របតាមច្បាប់អន្តរជាតិ និងការពិភាក្សា”។

ប្រទេសចិន បានរិះគន់ការដាក់ជាក្រុមថា ជាកំណែអាស៊ីរបស់ណាតូ ទោះបីជាវាមិនមែនជាសម្ព័ន្ធមិត្តសន្តិសុខក៏ដោយ ហើយផ្នែកនៃកិច្ចសហប្រតិបត្តិការឥឡូវនេះរួមមានហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាសំខាន់ៗ ការប្រែប្រួលអាកាសធាតុ និងលំហអាកាស៕

ប្រែសម្រួល ឈូក បូរ៉ា

To Top