ព័ត៌មានអន្តរជាតិ

រុស្ស៊ី ដាក់ឈ្មោះរដ្ឋអាជ្ញា និងចៅក្រម របស់តុលាការ ICC ចូលក្នុងបញ្ជីចាប់ខ្លួនរបស់ក្រុងមូស្គូ

បរទេស ៖ គណៈកម្មាធិការស៊ើបអង្កេត របស់ប្រទេសរុស្ស៊ី បានចោទប្រកាន់ដោយកំបាំងមុខរដ្ឋអាជ្ញា និងចៅក្រមមួយរូបនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) សម្រាប់ការចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ។ អ្នកទាំងពីរត្រូវបានដាក់ក្នុងបញ្ជី ចាប់ខ្លួនរបស់ប្រទេសរុស្ស៊ីផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ គណៈកម្មាធិការស៊ើបអង្កេត របស់ប្រទេសរុស្ស៊ី បាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេត ឧក្រិដ្ឋកម្មលើការប្រព្រឹត្តខុស ដែលអាចកើតមានដោយរដ្ឋអាជ្ញា នៅតុលាការ ICC គឺលោក Khan Karim Asad Ahmad និងចៅក្រមជាច្រើននាក់ រួមមាន Tomoko Akane, Rosario Salvatore Aitala និងចៅក្រម Sergio Gerardo Ugalde Godinez ។

យោងតាមស្ថាប័ន កាលពីចុងខែកុម្ភៈ គឺលោក Khan បានចេញសំណើសុំដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និង លោកស្រី Maria Lvova-Belova ប្រធានបេសកកម្មទទួលបន្ទុកសិទ្ធិកុមារ ដែលត្រូវបានអនុម័ត ជាបន្តបន្ទាប់ដោយចៅក្រមទាំងបី។

នៅពេលនោះ សាលាក្តីដែលមិនត្រូវបានទទួលស្គាល់ ដោយទីក្រុងមូស្គូ បានចោទប្រកាន់លោកពូទីន និង លោកស្រី ឡូវូវ៉ា បេឡូវ៉ា (Lvova-Belova)ថា ជាអ្នកទទួលខុសត្រូវចំពោះ “ការនិរទេសប្រជាជនដោយខុសច្បាប់ (កុមារ) … ពីតំបន់កាន់កាប់ នៃអ៊ុយក្រែន ទៅកាន់ប្រទេសរុស្ស៊ី” ។

ទោះជាយ៉ាងណា ក៏ដោយ គណៈកម្មាធិការរុស្ស៊ីបានពណ៌នាសេចក្តីសម្រេចនេះថា “ខុសច្បាប់” ដោយអះអាងថា “មិនមានហេតុផល សម្រាប់ការទទួលខុសត្រូវ ព្រហ្មទណ្ឌ” ហើយកត់សម្គាល់ថា ប្រមុខរដ្ឋមានអភ័យឯកសិទ្ធិចំពោះការកាត់ទោសបែបនេះ ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីការទប់ស្កាត់ និងការផ្តន្ទាទោសឧក្រិដ្ឋកម្មប្រឆាំង នឹងបុគ្គលដែលត្រូវបានការពារ ដោយអន្តរជាតិ៕

To Top