ព័ត៌មានអន្តរជាតិ

Update ៖ ហូឡង់ កំពុងពិចារណា ដោយប្រុងប្រយ័ត្នបំផុត ចំពោះការបញ្ជូន យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែន

ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក Mark Rutte នាយករដ្ឋមន្ត្រីហូឡង់ បានថ្លែងថា ប្រទេសហូឡង់ កំពុងពិចារណាដោយប្រុងប្រយ័ត្នបំផុត ក្នុងការបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនទាន់មានការសម្រេចចិត្ត ចុងក្រោយណាមួយនៅឡើយទេ ។

គួររំលឹកថា កាលពីដើមសប្តាហ៍នេះ ប្រទេសហូឡង់ បានឲ្យដឹងថា ខ្លួនចង់ចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន សម្រាប់ការហោះហើរ F-16 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។

នៅពេលសួរ ថាតើ ហូឡង់ នឹងបញ្ជូនយន្តហោះចម្បាំង ទៅអ៊ុយក្រែនឬអត់នោះ លោក Rutte បានប្រាប់ដល់សន្និសីទសារព័ត៌មានថា មិនមានការសម្រេចចិត្តចុងក្រោយ ណាមួយត្រូវបានគេធ្វើឡើងទេ ប៉ុន្តែបានថ្លែងទៀតថា “ប្រសិនបើអ្នកចាប់ផ្តើមហ្វឹកហាត់ វាច្បាស់ណាស់ថា ជាអ្វីដែលអ្នកកំពុងពិចារណាយ៉ាងយកចិត្តទុកដាក់” ។

លោក Rutte បានថ្លែងថា ការសម្រេចចិត្តណាមួយ លើការបញ្ជូនយន្តហោះ F-16 គឺអាស្រ័យលើការយល់ព្រម ពីសហរដ្ឋអាមេរិកដើម្បីធ្វើដូច្នេះ ។ លោកបានថ្លែងទៀតថា ប្រទេសហូឡង់ អាចនឹងមានយន្តហោះចម្បាំង ដើម្បីបញ្ជូនបន្ត ខណៈនេះប្រទេសនេះកំពុង ផ្អាកយន្តហោះ F-16 របស់ខ្លួន ។

យោងតាមតួលេខពីក្រសួងការពារជាតិហូឡង់ បច្ចុប្បន្ននេះ ហូឡង់មានយន្តហោះ F-16 ចំនួន២៤គ្រឿង ដែលនឹងត្រូវបញ្ឈប់នៅពាក់កណ្តាលឆ្នាំ២០២៤ ។ យន្តហោះចំនួន១៨គ្រឿងទៀត បច្ចុប្បន្នមានលក់ហើយក្នុងនោះ ១២ គ្រឿងត្រូវបានលក់ជាបណ្ដោះអាសន្ន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top