ព័ត៌មានអន្តរជាតិ

IMF បង្កើនការព្យាករណ៍របស់ខ្លួនថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២៣នេះ នឹងកើនឡើង១,៧ភាគរយ

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា (IMF) បានបង្កើន ការព្យាករណ៍ របស់ខ្លួនសម្រាប់កំណើន សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២៣នេះ ខណៈដែលបានធ្វើកត់ សម្គាល់ឃើញថា សេដ្ឋកិច្ចធ្លាក់ចុះទំនង ជានឹងនាំឱ្យមានការកើនឡើងតិចតួច ដោយសារតែភាពអត់ការងារ ធ្វើនៅឆ្នាំ២០២៤ ។

លោកស្រី Kristalina Georgieva នាយកគ្រប់គ្រង IMF បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានមួយភ្លាមៗ បន្ទាប់ពីតួលេខធ្វើបច្ចុប្បន្នភាព ត្រូវបានចេញផ្សាយថា “សេដ្ឋកិច្ចអាមេរិកបានបង្ហាញ ពីភាពធន់របស់ខ្លួន” ។

លោកស្រី Georgieva ក៏បានបន្លឺសំឡេង ព្រមានអំពីភាពជាប់គាំង ដែលកំពុងកើតមាន នៅក្នុងទឹកដី សហរដ្ឋអាមេរិក ជុំវិញការបង្កើនកម្រិត នៃការខ្ចីប្រាក់មុន កាលបរិច្ឆេទកំណត់ថ្ងៃទី១ ខែមិថុនា ហើយបានអំពាវនាវ ឱ្យគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យនៅក្នុង សភាងាកមករក “ដំណោះស្រាយឲ្យបានឆាប់រហ័ស” ។

លោកស្រីបានថ្លែងថា “យើងគិតពីទីផ្សាររតនាគារសហរដ្ឋអាមេរិក ចាត់ទុកដូចជាយុថ្កាសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ហើយយុថ្កានេះត្រូវតែរក្សាឲ្យបាន” ។

មូលនិធិ IMF បានឲ្យដឹង នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា កំណើនផលិតផល ក្នុងស្រុកសរុបពិតប្រាកដ នៅក្នុងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងកើនឡើង១,៧ភាគរយនៅក្នុងឆ្នាំនេះ ពោលគឺកើនឡើងពីការព្យាករណ៍១,៦ភាគរយកាលពីដើមឆ្នាំនេះ មុនពេលធ្លាក់ចុះដល់ ១ភាគរយនៅឆ្នាំ២០២៤ ។

សេចក្តីថ្លែងការណ៍របស់ IMF បានឱ្យដឹងថា អត្រាអ្នកអត់ការងារធ្វើនៅសហរដ្ឋអាមេរិក ដែលបច្ចុប្បន្នស្ថិតក្នុងកម្រិតទាបបំផុត ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្តិចវិញ ដោយ “ការកើនឡើងយឺត ប៉ុន្តែនៅថេរ” ដែលជំរុញឱ្យសេដ្ឋកិច្ចនឹងកើនឡើងដល់៤,៤ភាគរយនៅចុងឆ្នាំក្រោយ ៕

To Top