ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ គណបក្សភឿថៃថា បក្ស Move Forward ចង់កាន់តំណែងនាយករដ្ឋមន្ត្រី ដូច្នេះតំណែងប្រធានសភាគួរតែជារបស់គណបក្ស ភឿថៃ

បរទេស ៖ គណបក្សភឿថៃ នៅតែមិនព្រមព្រៀងជាមួយគណបក្ស Move Forward លើតំណែងប្រធានសភា ដោយទទូចថា តំណែងនេះ ត្រូវបានបំពេញដោយបេក្ខជនម្នាក់ មកពីគណបក្សរបស់ខ្លួន នៅមុនកិច្ចប្រជុំ ដែលបានគ្រោងទុកនៅថ្ងៃអង្គារ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះជម្លោះលើតំណែងនេះ ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អគ្គលេខាធិការគណបក្សភឿថៃ លោក ប្រាសឺត ចាន់តារ៉ារួងថន (Prasert Chantararuangthong) បាននិយាយកាលពីថ្ងៃចន្ទថា តួនាទីប្រធានសភាគួរតែត្រូវបានបំពេញដោយបេក្ខជនគណបក្សភឿថៃ។

លោក ប្រាសឺត បាននិយាយថា “នៅពេលដែលគណបក្ស Move Forward ចង់កាន់តំណែងជានាយករដ្ឋមន្ត្រី តួនាទីប្រធានសភាគួរតែជារបស់គណបក្ស ភឿថៃ”។

លោក​បាន​បន្ថែម​ថា​៖ «​វា​គួរ​ទុក​ឲ្យ​ភាគី​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​នេះ ​ព្រោះ​វា​មិន​មាន​ពាក់ព័ន្ធ​នឹង​ដៃគូ​ចម្រុះ​ផ្សេង​ទៀត​ទេ​»​។

លោក Prasert ក្រោយមកបាននិយាយទៀតថា គណបក្សភឿថៃ និង Move Forward បានសម្រេចថាបញ្ហាតំណែងប្រធានសភា នឹងត្រូវបានពិភាក្សាដោយគណបក្សទាំងពីរ នៅក្នុងកិច្ចប្រជុំនៅថ្ងៃអង្គារនេះ។

ជម្លោះលើអ្នកដែល គួរទទួលបានតំណែងប្រធានសភានេះ គឺបានផ្ទុះឡើងជាច្រើនថ្ងៃនៅក្នុងការសម្ភាសន៍ និងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលជំរុញឱ្យមេដឹកនាំគណបក្ស Move Forward និង បេក្ខជននាយករដ្ឋមន្ត្រី លោក ពីតា លឹមចារឿនរ៉ាត់ (Pita Limjaroenrat) កាលពីថ្ងៃសុក្រដើម្បីអំពាវនាវឱ្យដៃគូចម្រុះរក្សាការរួបរួម និងដោះស្រាយបញ្ហាតាមរយៈការសន្ទនា។

លោក ចៃថាវ៉ាត់ ទូឡាតុន (Chaithawat Tulaton) អគ្គលេខាធិការ គណបក្ស Move Forward ក្នុងសមត្ថភាព របស់លោកជាអ្នកសម្របសម្រួល របស់គណបក្ស នៅក្នុងកិច្ចពិភាក្សាដើម្បីបង្កើតសម្ព័ន្ធ ដែលដឹកនាំដោយគណបក្ស Move Forward បាននិយាយមុននេះថា ការពិភាក្សាត្រូវបានរំពឹងថា នឹងចាប់ផ្តើមនៅម៉ោង ២ និង ៣០នាទី រសៀលថ្ងៃអង្គារនៅទីស្នាក់ការកណ្តាលរបស់គណបក្ស ប្រាឆាឆាត ។

លោក ចៃថាវ៉ាត់ បាននិយាយថា លោក ពីតា កំពុងជំរុញឱ្យភាគីចម្រុះទាំងអស់ សហការគ្នា៕

To Top