ព័ត៌មានអន្តរជាតិ

Update៖ យន្តហោះចម្បាំង ១គ្រឿងរបស់ចិន ធ្វើសមយុទ្ធហោះគៀក នឹងយន្តហោះចម្បាំង របស់អាមេរិក

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នំា២០២៣ថា សហរដ្ឋអាមេរិក បានឲ្យដឹងថា យន្តហោះចម្បាំងចិន ចំនួន១គ្រឿង បានធ្វើសមយុទ្ធ ដោយហោះ “ឈ្លានពានដោយមិនចាំបាច់” នៅជិតយន្តហោះយោធាអាមេរិក នៅក្នុងដែនអាកាសអន្តរជាតិ នៅលើសមុទ្រចិនខាងត្បូង ។

បញ្ជាការយោធាអាមេរិក ដែលទទួលខុសត្រូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានឲ្យដឹងថា សមយុទ្ធដោយយន្តហោះ J-16 របស់ប្រទេសចិន បានកើតឡើងកាលពីសប្តាហ៍មុន ហើយបានបង្ខំឱ្យយន្តហោះ RC-135 របស់សហរដ្ឋអាមេរិក ហោះហើរឆ្លងកាត់ទំាងប្រថុយប្រថានរបស់ខ្លួន ។

បញ្ជាការខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិក នឹងបន្តហោះហើរ ជិះ និងប្រតិបត្តិការ ដោយសុវត្ថិភាព និងការទទួលខុសត្រូវនៅគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិអនុញ្ញាត” ។

ខ្សែវីដេអូដែលចេញផ្សាយដោយ ក្រសួងការពារជាតិអាមេរិក បានបង្ហាញពីយន្តហោះចម្បាំង១គ្រឿង បានឆ្លងកាត់នៅពីមុខផ្នែកខាងមុខ របស់យន្តហោះអាមេរិក ហើយកាប៊ីនយន្តហោះរបស់ RC-135 បានសភាពញ័រ ។

លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានធ្វើអត្ថាធិប្បាយ លើចំណុចជាក់លាក់នេះទេ ប៉ុន្តែបានលើកឡើងថា អស់រយៈពេលជាយូរមកហើយ សហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះ និងនាវាជាញឹកញាប់សម្រាប់ ការឈ្លបយកការណ៍យ៉ាងជិតស្និទ្ធ លើប្រទេសចិន ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់ជាតិរបស់ប្រទេសចិន ពិសេស “សន្តិសុខ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top