ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់កម្ទេចនាវាចម្បាំង មួយគ្រឿងរបស់អ៊ុយក្រែន នៅកំពង់ផែ អូដេសា

បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃពុធថា យោធារុស្ស៊ីបានបំផ្លាញ “នាវាចម្បាំងចុងក្រោយ” របស់អ៊ុយក្រែនគឺនាវា យូរី អូឡេហ្វាយអ័រ រិនកូ ( Yury Olefirenko) នៅក្នុងការវាយប្រហារតាមអាកាស។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ក្នុងរបាយការណ៍មួយ ដែលបានចែករំលែកនៅលើប៉ុស្តិ៍ Telegram របស់ខ្លួនថា “នៅថ្ងៃទី ២៩ ខែឧសភា ជាលទ្ធផលនៃការវាយប្រហារដោយមីស៊ីល ដែលមានភាពជាក់លាក់ខ្ពស់ របស់កងកម្លាំងអាកាសរុស្ស៊ី ទៅលើនាវាចម្បាំងដែល កំពុងចតនៅកំពង់ផែ អូដេសា ដែលជានាវាចម្បាំងចុងក្រោយ របស់កងទ័ពជើងទឹកអ៊ុយក្រែនឈ្មោះ យូរី អូឡេហ្វាយអ័រ រិកូ ត្រូវបានបំផ្លាញ” ។

មួយថ្ងៃមុននេះ អ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមលោក អង់ដ្រេ រ៉ូដិនកូ ក៏បានរាយការណ៍ផងដែរ ដោយដកស្រង់ប្រភពពីអ៊ុយក្រែនថា នាវាចម្បាំង យូរី អូឡេហ្វាអ័រ រ៉េនកូ ត្រូវបានលិចបន្ទាប់ពីការវាយប្រហារ តាមផ្លូវអាកាសជាបន្តបន្ទាប់ លើមូលដ្ឋានយោធានៅ អូដេសា។

លោក រ៉ូដិនកូ បានអះអាងថា ភ្លើងបានឆាបឆេះនៅលើនាវា ដែលត្រូវបានគេនិយាយថា បានបណ្តាលឱ្យមានការ បំផ្ទុះគ្រាប់រំសេវនៅក្នុងនាវា។ មានការបាត់បង់ដ៏ធំត្រូវបាន រាយការណ៍ក្នុងចំណោមនាវិក។

មន្ត្រីអ៊ុយក្រែនមិនទាន់បញ្ជាក់ពី ការលិចនាវាចម្បាំងនោះទេ។ ឈ្មោះដើម SDK-137 នាវា យូរី អូឡេ ហ្វាយអ័រ រិកកូ គឺជានាវាទំហំមធ្យមប្រភេទ 773 ដែលត្រូវបានផលិតឡើង ដោយប្រទេសប៉ូឡូញក្នុងឆ្នាំ ១៩៧១ សម្រាប់កងទ័ពជើងទឹកសូវៀត។ នាវានេះត្រូវបានផ្ទេរទៅអ៊ុយក្រែនក្នុងឆ្នាំ ១៩៩៤ និងប្តូរឈ្មោះជា គីរ៉ូវូហ្គ្រាដ ហើយនាវាបានឈរជើងនៅតំបន់គ្រីមៀ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top