ព័ត៌មានអន្តរជាតិ

ចិន ចាប់ផ្តើមខួងរណ្តៅជម្រៅ ១០ គីឡូម៉ែត្រ នៅក្នុងសំបកផែនដី

បរទេស ៖ ប្រទេសចិន បានផ្តួចផ្តើមការជីករណ្តៅជម្រៅ ១០ គីឡូម៉ែត្រនៅក្នុងសំបកផែនដី ខណៈដែលប្រទេសនេះរុករកផ្នែកខាងក្នុង នៃភពផែនដី។

ទីក្រុងប៉េកាំងកំពុងធ្វើដំណើរយ៉ាងលឿន ក្នុងក្តីប្រាថ្នារបស់ខ្លួនក្នុងការរុករកព្រំដែនថ្មី ខណៈដែលចិនចាប់ផ្តើមបេសកកម្មដើម្បីតាមដានព្រំដែនខាងក្នុង និងខាងក្រៅនៃភពផែនដីក្នុងលំហផងដែរ។

យោងតាមសារព័ត៌មាន India Today ចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា រណ្តៅដែលមានជម្រៅ ១០ ០០០ម៉ែត្រ កំពុងត្រូវបានជីកនៅក្នុងតំបន់ដីសណ្តរ តារីម បាស៊ីន ក្នុងខេត្ត ស៊ិនជាំង ភាគពាយព្យរបស់ប្រទេសចិន ដែលនៅតែស្ថិតក្នុងចំណងជើងសម្រាប់ការកាន់កាប់ជនជាតិ Uyghur មូស្លីម ផងដែរ។

ក្រុមការងារនឹងជីកជ្រៅទៅក្នុងផែនដី ដោយជ្រាបចូលទៅក្នុងស្រទាប់ទ្វីបច្រើនជាង១០ ដែលអាចត្រូវបានប្រើដើម្បីកសាងឡើងវិញ នូវប្រវត្តិសាស្រ្ត នៃទ្វីបរបស់ផែនដី រួមទាំងការវិវត្តនៃទេសភាព ការប្រែប្រួលអាកាសធាតុ និងការបែងចែកជីវីតរស់នៅ។ ស្រទាប់ទ្វីប គឺជាស្រទាប់ថ្ម ដែលជាធនធានដ៏សំខាន់ សម្រាប់ការយល់ដឹងអំពីប្រវត្តិសាស្រ្ត នៃផែនដី។

ស្រទាប់ទាំងនោះអាចត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណ និងកាលបរិច្ឆេទ នៃព្រឹត្តិការណ៍ពីអតីតកាល ដូចជាការផ្ទុះភ្នំភ្លើង ការរញ្ជួយដី និងការប្រែប្រួលអាកាសធាតុ។ ស្រទាប់ទ្វីបទាំងនោះ ក៏អាចត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណ និងសិក្សាទម្រង់ជីវិតបុរាណផងដែរ។

លោក Wang Chunsheng អ្នកជំនាញបច្ចេកទេសដែលបានចូលរួមក្នុង ប្រតិបត្តិការនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិនថា «ការខួងចូលជម្រៅជាង ១០.០០០ម៉ែត្រ គឺជាការប៉ុនប៉ងយ៉ាងម៉ឺងម៉ាត់ ក្នុងការរុករកទឹកដីដែលមិនស្គាល់របស់ផែនដី និងពង្រីកព្រំដែន នៃការយល់ដឹងរបស់មនុស្ស”៕ ប្រែសម្រួលៈ ណៃ តុលា

To Top