ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ថា ប្រទេសជាច្រើន បានប្រាប់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធថា ការធ្វើតេស្តមីស៊ីល របស់កូរ៉េខាងជើង កំពុងបង្កគ្រោះថ្នាក់ ដល់សុវត្ថិភាព នៃការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងផ្លូវសមុទ្រដ៏មមាញឹកនៅក្នុងតំបន់អាស៊ីភាគឦសាន ដោយមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់ការជូនដំណឹងឡើយ ។
ការបាញ់បង្ហោះផ្កាយរណបទី៦ របស់កូរ៉េខាងជើងដែលបំពាក់ ដោយអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃពុធបានបញ្ចប់ដោយការបរាជ័យ ដោយឧបករណ៍ជំរុញ និងបន្ទុកបានធ្លាក់ចូលទៅក្នុង សមុទ្រ ប៉ុន្តែវានៅតែជំរុញឱ្យមានការប្រកាសអាសន្ន និងការព្រមានអំពីការជម្លៀស នៅតំបន់មួយចំនួន នៃប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ។
ដំណោះស្រាយមួយ ដែលត្រូវបានអនុម័ត ដោយប្រទេសភាគច្រើន នៃប្រទេស ជាង១០០ ដែលចូលរួមក្នុងគណៈកម្មាធិការសន្តិសុខ របស់អង្គការដែនសមុទ្រ អន្តរជាតិ ហៅកាត់ថា (IMO) បាន “ថ្កោលទោស យ៉ាងដាច់អហង្ការចំពោះការធ្វើតេស្តមីស៊ីល” ដែលបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សុវត្ថិភាពអ្នកធ្វើដំណើរ តាមសមុទ្រ និងការដឹកជញ្ជូនអន្តរជាតិ ។
កូរ៉េខាងជើងបានច្រានចោល សេចក្តីសម្រេចចិត្តនេះ និងឯកសារដែលដាក់ដោយប្រទេសរួម មានសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ ប្រទេសនេះបានលើកឡើងជាការឆ្លើយតបថា ការសាកល្បងមីស៊ីល “បង្កើតជាទម្លាប់ និង ផែនការវិធានការការពារខ្លួនឯង ដែលធ្វើឡើងដោយរដ្ឋអធិបតេយ្យ ដើម្បីការពារសន្តិសុខជាតិ” តែប៉ុណ្ណោះ ។
កូរ៉េខាងជើងបានបញ្ជាក់ថា ការបាញ់មីស៊ីលនេះគឺ “ផ្អែកលើការគណនាវិទ្យាសាស្រ្តត្រឹមត្រូវ និងការពិចារណាលើចំណុចនៃផលប៉ះពាល់ និងផ្លូវនៃនាវាដែលធ្វើដំណើរក្នុងដែនទឹក” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា