វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានឲ្យដឹងថា លោកមានទំនុកចិត្តថា ស៊ុយអែតនឹងចូលរួមជាមួយអង្គការណាតូ “ឱ្យបានឆាប់តាមដែលអាចធ្វើបាន” ទោះបីជាតួកគី និងហុងគ្រី នៅតែបន្តរារាំងប្រទេសអឺរ៉ុបខាងជើង ចូលទៅក្នុងសម្ព័ន្ធមិត្តក៏ដោយ។
ថ្លែងនៅក្នុងពិធីបញ្ចប់ការសិក្សា របស់បណ្ឌិតសភាទ័ពអាកាស សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ លោក បៃដិន បានសរសើរការរួបរួមរបស់អង្គការណាតូ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazeera។
ប្រធានាធិបតីអាមេរិករូបនេះបានលើកឡើងថា “ណាតូមានថាមពល និងរួបរួមគ្នាច្រើនជាងដែលខ្លួន មានក្នុងរយៈពេលជាច្រើនទសវត្សរ៍។ ឥឡូវនេះវាកាន់តែខ្លាំងជាមួយនឹងការចូលជា សម្ព័ន្ធមិត្តថ្មីបំផុតរបស់យើង គឺហ្វាំងឡង់ – និងស៊ុយអែត ឆាប់ៗនេះ ទៅក្នុងសម្ព័ន្ធភាពឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ វានឹងកើតឡើង។ ខ្ញុំសន្យានឹងអ្នក”។
ការលើកឡើងរបស់លោក ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជំរុញប្រទេសតួកគី ឱ្យយល់ព្រមលើការ ដេញថ្លៃរបស់ស៊ុយអែត ដើម្បីក្លាយជាសមាជិកណាតូ។
លោក Blinken បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Lulea ភាគខាងជើងនៃប្រទេសស៊ុយអែត កាលពីថ្ងៃអង្គារថា “តាមទស្សនៈរបស់សហរដ្ឋអាមេរិក ឥឡូវនេះដល់ពេល ដើម្បីបញ្ចប់ការចូលជាសមាជិក របស់ប្រទេសស៊ុយអែត” ។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក ក៏បានសម្តែងក្តីសង្ឃឹមថា ដំណើរការនេះនឹងត្រូវបានបញ្ចប់មុនពេល កិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅរដ្ឋធានី Vilnius នៃប្រទេសលីទុយអានី ក្នុងខែកក្កដា។
ប្រទេសណាតូ ចាំបាច់ត្រូវផ្តល់សច្ចាប័នដល់សមាជិកថ្មី។ ប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិក មានកតិកាសញ្ញាការពារសមូហភាព ដែលត្រូវបានគេស្គាល់ថាជាមាត្រា៥ ដែលចែងថា ការវាយប្រហារលើរដ្ឋសមាជិកណាតូតែមួយ គឺជាការវាយប្រហារលើសម្ព័ន្ធមិត្តទាំងមូល។
ប្រទេសស៊ុយអែត និងប្រទេសជិតខាងហ្វាំងឡង់ បានចាប់ផ្តើមស្វែងរកសមាជិកភាព អង្គការណាតូកាលពីឆ្នាំមុន បន្ទាប់ពីរុស្ស៊ីបានបើកការ ឈ្លានពានពេញទំហឹងលើអ៊ុយក្រែន។ ហ្វាំងឡង់ បានចូលរួមជាផ្លូវការ ក្នុងសម្ព័ន្ធភាពក្នុងខែមេសា ប៉ុន្តែពាក្យសុំរបស់ស៊ុយអែត នៅតែត្រូវបានគេរង់ចាំ ៕
ប្រែសម្រួល ឈូក បូរ៉ា