ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក បញ្ជូនប្រធាន CIA ទៅកាន់ទីក្រុងប៉េកាំងកាលពីខែមុន

បរទេស៖ ប្រធានាធិបតីអាមេរិក Joe Biden បានបញ្ជូនប្រធាន CIA លោក William Burns ទៅកាន់ទីក្រុងប៉េកាំងកាលពីខែមុន ដើម្បីជួបជាមួយមន្ត្រីស៊ើបការណ៍សម្ងាត់របស់ចិន, នេះបើយោងតាមសារព័ត៌មាន Financial Times បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពអនាមិករបស់អាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា បណ្តាញផ្សព្វផ្សាយបានពិពណ៌នាលោក Burns ថាជា “មន្ត្រីដែលគួរឱ្យទុកចិត្តបំផុតមួយរបស់លោក Biden” ហើយបានអះអាងថា ដំណើរទស្សនកិច្ចនេះបង្ហាញពី “ការព្រួយបារម្ភដែលសេតវិមានបានក្លាយទៅជាអំពីទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន” ។

ខណៈពេលដែលសេតវិមាន និង CIA មិនបានបញ្ជាក់ជាផ្លូវការអំពីដំណើរទស្សនកិច្ចនេះ Financial Times បានពឹងផ្អែកលើ “ប្រភពប្រាំនាក់ដែលដឹងពីស្ថានភាព” ។ ម្នាក់ក្នុងចំណោមពួកគេ ដែលត្រូវបានកំណត់អត្តសញ្ញាណត្រឹមតែជាមន្ត្រីអាមេរិកម្នាក់ បាននិយាយថា លោក Burns “បានជួបជាមួយសមភាគីចិន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាទំនាក់ទំនងបើកចំហរនៅក្នុងបណ្តាញស៊ើបការណ៍សម្ងាត់”។

គេមិនច្បាស់ទេថាតើលោក Burns បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងមុន ឬក្រោយកិច្ចប្រជុំកាលពីថ្ងៃទី ១០ ខែឧសភា រវាងទីប្រឹក្សាសន្តិសុខជាតិរបស់លោក Biden លោក Jake Sullivan និងអ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក Wang Yi នៅទីក្រុងវីយែន៕

ប្រែសម្រួលៈ ណៃ តុលា

To Top