បរទេស ៖ វិសោធនកម្មមាត្រ ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ គឺជាការសន្យាយុទ្ធនាការ ដ៏សំខាន់របស់គណបក្ស មូវ ហ្វ វ៉ើដ (MFP) ប៉ុន្តែសំណួរបានកើតឡើងថា តើគណបក្សនឹងអាចបន្តបញ្ហានេះបានដែរឬទេ ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ផ្នែកខ្លះនៃអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដែលចុះហត្ថលេខាដោយសម្ព័ន្ធភាព ដែលដឹកនាំដោយបក្ស មូវ ហ្វ វ៉ើដ អាចបញ្ចប់ជាការសងសឹក លើគណបក្ស មូវ ហ្វ វ៉ើដ ប្រសិនបើគណបក្សនេះ បន្តជាមួយនឹងផែនការរបស់ខ្លួន ដើម្បីកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ ដែលមានលក្ខណៈរសើបខ្លាំង ។
MoU ដែលបង្ហាញពីគោលនយោបាយ ដែលគណបក្សទាំងប្រាំបី ចង់បន្តនៅពេលកាន់តំណែងនោះ បញ្ជាក់ពីឋានៈរបស់ប្រទេស ជាលទ្ធិប្រជាធិបតេយ្យ ក្រោមរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ និងឋានៈមិនអាចរំលោភបាននៃព្រះមហាក្សត្រ ។
គេក៏និយាយផងដែរថា ភាគីទាំងអស់ មានសិទ្ធិតស៊ូមតិសម្រាប់គោលនយោបាយបន្ថែមដរាបណា ពួកគេមិនធ្វើអ្វីដែលផ្ទុយនឹង គោលនយោបាយ ដែលមានចែងក្នុងកិច្ចព្រមព្រៀង។
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយកាសែតបាងកកប៉ុស្តិ៍ មេដឹកនាំរងគណបក្ស មូវ ហ្វ វ៉ើដ លោកស្រី សេរីកាន់យ៉ា តាន់សាគុណ (Sirikanya Tansakun) ទទូចថា MoU នឹងមិនធ្វើឱ្យខូចដល់ផែនការរបស់គណបក្សនោះទេ ហើយវាគឺគ្រាន់តែជាបញ្ហានៃពេលវេលាប៉ុណ្ណោះ មុនពេលគណបក្ស មូវ ហ្វ វ៉ើដ ជំរុញទៅមុខជាមួយនឹង សំណើដើម្បីធ្វើកំណែទម្រង់ច្បាប់៕
ប្រែសម្រួលៈ ណៃ តុលា