ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីអង់គ្លេស នឹងស្នើសុំការគាំទ្រ ពីប្រធានាធិបតីអាមេរិក ដើម្បីគាំទ្ររដ្ឋមន្រ្តីការពារជាតិខ្លួន ឱ្យឡើង កាន់តំណែងកំពូល នៅអង្គការណាតូ

បរទេស៖ សារព័ត៌មាន Telegraph បានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak នឹងព្យាយាម “លើកទឹកចិត្ត” ប្រធានាធិបតីអាមេរិក Joe Biden ឱ្យគាំទ្រប្រមុខការពារជាតិអង់គ្លេស បច្ចុប្បន្ន តាមដែលអាចធ្វើទៅបាន ឱ្យឡើងជាអគ្គលេខាធិការអង្គការណាតូ បន្ទាប់។ លោក Ben Wallace ក៏ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការដឹកនាំសម្ព័ន្ធភាពយោធា លោកខាងលិចមួយនេះ ផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី Sunak នឹងជួបជាមួយលោក Biden នៅសេតវិមាននៅថ្ងៃព្រហស្បតិ៍។ យោងតាមអ្នកនាំពាក្យ របស់លោកBiden គឺ លោកស្រី Karine Jean-Pierre, មេដឹកនាំទាំងពីរ នឹងពិភាក្សាអំពីប្រធានបទជាច្រើន រួមទាំងការគាំទ្រសម្រាប់អ៊ុយក្រែន សន្តិសុខថាមពល និងទំនាក់ទំនងពាណិជ្ជកម្ម។

លោក Wallace គឺជាអ្នកតស៊ូមតិ ក្នុងការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុត ប្រឆាំងនឹងទីក្រុងមូស្គូ និងជាអ្នកគាំទ្រដ៏ខ្លាំងបំផុតមួយក្នុងការផ្គត់ផ្គង់អាវុធទំនើបៗដល់ទីក្រុងគៀវផងដែរ។

ក្រោមការឃ្លាំមើលរបស់លោក, ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេដែលផ្តល់រថក្រោះធុនធ្ងន់ទំនើបដល់អ៊ុយក្រែន ហើយថ្មីៗនេះបានបញ្ជូនកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ដល់កងទ័ពអ៊ុយក្រែនថែមទៀត។

ទោះបីជាលោក Wallace មិនបានបញ្ជាក់ពីចេតនារបស់ខ្លួនក្នុងការដឹកនាំអង្គការណាតូក៏ដោយ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីអតីតកាលថា លោកនឹងក្លាយជាអ្នកកាន់ការងារ “អស្ចារ្យ” ។

សូមជម្រាបថា អគ្គលេខាធិការអង្គការណាតូបច្ចុប្បន្នលោក Jens Stoltenberg មកពីប្រទេសន័រវេស ដែលអាណត្តិរយៈពេលបួនឆ្នាំ បានបន្តរយៈពេលមួយឆ្នាំក្នុងខែមីនា ឆ្នាំ ២០២២ ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺនឹងលាលែងពីតំណែង នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៣។

លោកបាននិយាយនៅដើមឆ្នាំនេះថា លោកនឹងមិនស្វែងរក ការបន្តកាន់តំណែងនេះ បន្តទៀតនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top