ព័ត៌មានអន្តរជាតិ

រុស្ស៊ី​​ មាន​យន្តហោះ​ដ្រូន អត្តឃាត​របស់​អ៊ីរ៉ង់គ្រប់គ្រាន់​ ដើម្បី​បើក​ការ​វាយ​ប្រហារ​ជា​រៀងរាល់ថ្ងៃ ​ដើម្បី​បង្ខូច​ប្រព័ន្ធ​ការពារ​ដែនអាកាស​ របស់​អ៊ុយក្រែន

ម៉ូស្គូ៖ អាជ្ញាធរអ៊ុយក្រែនបានអះអាងថា យន្តហោះដ្រូនអត្ដឃាត Shahed-136 ផលិតដោយអ៊ីរ៉ង់ ដូចរូបភាពនៅលើទីក្រុងគៀវ កំពុងបំផ្លាញប្រព័ន្ធការពារ ដែនអាកាសរបស់ពួកគេ ហើយទីក្រុងម៉ូស្គូ ក៏បានអះអាងដែរថា រុស្ស៊ី​មាន​យន្តហោះ​ដ្រូនអត្តឃាត​ របស់​អ៊ីរ៉ង់គ្រប់គ្រាន់​ ដើម្បី​បើក​ការ​វាយ​ប្រហារ​ជា​រៀងរាល់ថ្ងៃ ​ដើម្បី​បង្ខូច​ប្រព័ន្ធ​ការពារ​ ដែនអាកាស​របស់​អ៊ុយក្រែន។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក Yurii Ihnat បានឲ្យដឹងថា រុស្ស៊ី កំពុងប្រើប្រាស់យន្តហោះដ្រូន ដើម្បីកាត់បន្ថយការការពារ ដែនអាកាសរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Business Insider។

អ៊ុយក្រែន ត្រូវ​បាន​ទម្លាក់​គ្រាប់​បែក​ឥត​ឈប់ឈរ ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក និង​ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​ ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

មន្ត្រីទ័ពអាកាសអ៊ុយក្រែន បានព្រមានថា រុស្ស៊ីមានយន្តហោះដ្រូនអត្តឃាត ផលិតដោយអ៊ីរ៉ង់គ្រប់គ្រាន់ ដើម្បីបន្តការវាយប្រហារ លើអ៊ុយក្រែនជារៀងរាល់ថ្ងៃ។

សារព័ត៌មានអ៊ុយក្រែន NV បានរាយការណ៍ថា អ្នកនាំពាក្យកងទ័ពអាកាស Yurii Ihnat បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី មានការផ្គត់ផ្គង់ច្រើនជាងគ្រប់គ្រាន់ នៃយន្តហោះដ្រូនធុន Shahed-136 ដើម្បីបន្តការវាយប្រហារ។

រុស្សី បាននឹងកំពុងប្រើប្រាស់យន្ដហោះដ្រូនអត្ដឃាត ដើម្បីទម្លាក់គ្រាប់បែកលើទីក្រុង និងគោលដៅនានារបស់អ៊ុយក្រែន ដោយមិនឈប់ឈរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

គេហទំព័រ Insider បានរាយការណ៍ពីមុនថា យន្តហោះដ្រូន ដែលមានជាតិផ្ទុះមានចម្ងាយ ១២៥០ ម៉ាយ ហើយផ្ទុកទៅដោយគ្រឿងផ្ទុះ។ បន្ទាប់មក យន្តហោះដ្រូន តូចៗអាចបន្តហោះហើរ ពីលើគោលដៅរបស់ពួកគេ ដោយរង់ចាំពេលវេលាត្រឹមត្រូវ ក្នុងការវាយប្រហារ។

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Volodymyr Havrylov បានឲ្យដឹងថា ទោះបីជាមានការរារាំង នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលក៏ដោយ ក៏កងកម្លាំងរបស់ទីក្រុងគៀវ នៅតែត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមការវាយប្រហាររបស់ពួកគេ ប្រឆាំងនឹងកងទ័ពរុស្ស៊ី ដែលកាន់កាប់តំបន់ភាគខាងកើតនៃប្រទេស។

លោក Havrylov បានលើកឡើងថា រុស្ស៊ីកំពុងព្យាយាមបង្វែរ ប្រទេសអ៊ុយក្រែន ពីការវាយលុកដែលបានគ្រោងទុក ប៉ុន្តែបាននិយាយថា ការវាយប្រហារដោយមីស៊ីលគឺជា “សេណារីយ៉ូយុទ្ធសាស្ត្រចុងក្រោយ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top