ព័ត៌មានអន្តរជាតិ

Breaking News៖ កៀហ្ស៊ីស៊ីស្ថាន ចាប់ខ្លួនមនុស្សជាង ៣០នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ

បរទេស៖ ប្រភពព័ត៌មានពីសេវាសន្តិសុខជាតិ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សជាង ៣០ នាក់ ដែលត្រូវបានចោទប្រកាន់ថា បានរៀបចំផែនការធ្វើរដ្ឋប្រហារ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រទេសនៅអាស៊ីកណ្តាលថែមទាំងក្រីក្រមួយនេះ និងមានទំនាក់ទំនងជាមួយរុស្ស៊ី និងចិន ត្រូវបានគេឃើញមានប្រធានាធិបតី ៣នាក់ បានលាលែងពីតំណែង ដោយសារវិបត្តិនយោបាយ ដែលបង្កឡើងដោយអំពើពុករលួយ បក្ខពួកនិយម និងការបោះឆ្នោត ដែលមានជម្លោះ ចាប់តាំងពីទទួលបានឯករាជ្យ ពីសហភាពសូវៀតក្នុងឆ្នាំ១៩៩១។

ទីភ្នាក់ងារសន្តិសុខរដ្ឋ GKNB បានឲ្យដឹងថា ខ្លួនបានបង្ក្រាបការរៀបចំ របស់មនុស្សមួយក្រុម ដែលគ្រោងរៀបចំកុប្បកម្ម “ដើម្បីដណ្តើមអំណាចដោយកម្លាំង” ដោយបន្ថែមថាមនុស្សជាង ៣០ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ។

ការចាប់ខ្លួននេះកើតឡើង តែប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ក្នុងអំឡុងពេលដែលប្រធានាធិបតីលោក Sadyr Japarov បានសន្យាថា “ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយសហភាពអឺរ៉ុប” ។

ខណៈពេលដែលប្រទេសសំបូរ ទៅដោយភ្នំមួយនេះ ទទួលបានសេរីភាពសារព័ត៌មាន និងពហុនិយមនយោបាយ ជាយូរមកហើយនៅក្នុងតំបន់ ដែលការបញ្ចេញមតិនៅតែមានកម្រិត អង្គការក្រៅរដ្ឋាភិបាល កំពុងថ្កោលទោសការកើនឡើងនៃ សម្ពាធប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top