ព័ត៌មានអន្តរជាតិ

បទវិភាគ៖ កិច្ចសហប្រតិបត្តិការ រវាងចិននិងអាមេរិកឡាទីន នឹងមានភាពកាន់តែស៊ីជម្រៅ ដែលនាំមកនូវភាគលាភកាន់តែច្រើន ដល់ប្រជាជនភាគីទាំងពីរ

នៅតំបន់អាមេរិកឡាទីន ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចិនបានក្លាយទៅជា បញ្ហាក្តៅពីមួយថ្ងៃទៅមួយថ្ងៃ ។ ពេលថ្មីៗកន្លងទៅនេះ រឿងដែលមានលក្ខណៈតំណាងគឺ លោក Sergio Tomás Massa រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់អាហ្សង់ទីន បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសទាំងពីរចិននិងអាហ្សង់ទីន បានចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការស្តីពីការជំរុញកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយគ្នា ។ នេះគឺជាសមទ្ធផលមួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្សង់ទីន បន្ទាប់ពីអាហ្សង់ទីនចូលរួមគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”កាលពីខែកុម្ភៈឆ្នាំទៅមិញមក ដែលមានន័យថា ភាគីទាំងពីរនឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឱ្យមានភាពកាន់តែស៊ីជម្រៅ និងប្រាកដប្រជាតាមរយៈវិធីកាន់តែជាក់ស្តែង ។

ហើយក៏នៅពេលថ្មីៗកន្លងទៅនេះដែរ វេទិកាសហប្រតិបត្តិការខាង ហេដ្ឋារចនាសម្ព័ន្ធរវាងចិន អាមេរិកឡាទីននិងប្រទេសការ៉ាប៊ីនលើកទី៩ បានបិទបញ្ចប់នៅតំបន់ម៉ាកាវ ។ តាមដំណឹងផ្លូវការឱ្យដឹងថា ភ្ញៀវកិត្តិយសដែលចូលរួមវេទិកាបានផ្លាស់ប្តូរ មតិយោបល់យ៉ាងស៊ីជម្រៅ ជុំវិញបញ្ហាដូចជាការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ជាដើម ។ ទីភ្នាក់ងារសារព័ត៌មានអាមេរិកឡាទីន បានផ្សាយដំណឹងឱ្យដឹងថា គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” បានធ្វើឱ្យប្រទេសចិនផ្សារភ្ជាប់ជាមួយតំបន់ផ្សេងទៀត លើពិភពលោកតាមរយៈហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញសហប្រតិបត្តិការដ៏ធំសម្បើម ហើយក៏រួមមានអាមេរិកឡាទីនក្នុងនោះដែរ ។

តាមស្ថិតិថ្មីបំផុតឱ្យដឹងថា រង្វង់មិត្តភក្តិក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងអាមេរិកឡាទីន បានពង្រីកដល់ប្រទេសចំនួន២១ ។ ហេតុអ្វីបានជាគំនិតផ្តួចផ្តើមនេះ កាន់តែត្រូវបានពេញនិយមនៅតំបន់អាមេរិកឡាទីន? ពីព្រោះកិច្ចសហប្រតិបត្តិការដែលគំនិតផ្តួចផ្តើមនេះ បានជំរុញនោះមានវិសាលភាពផង ហើយក៏មានភាពស៊ីជម្រៅផង ដែលនឹងនាំឱ្យប្រជាជនចិននិងអាមេរិកឡាទីន ទទួលបានផលប្រយោជន៍យ៉ាងពិតប្រាកដ ។

បច្ចុប្បន្ននេះ ចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីពីរ របស់អាមេរិកឡាទីនក្នុងរយៈពេល១០ឆ្នាំជាប់ៗគ្នា ។ កាលពីឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិកឡាទីន បានឡើងដល់៤សែន៨ម៉ឺន៥ពាន់៧៩០លានដុល្លារអាមេរិក ដែលបានបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងប្រវត្តិសាស្ត្រម្តងទៀត ។ អាចឃើញថា ប្រសិទ្ធភាពផ្ទាល់បំផុតដែលការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ទទួលបានគឺបានលើកកម្ពស់ទំហំពាណិជ្ជកម្ម រវាងចិននិងអាមេរិកឡាទីន ក៏ដូចជានាំឱ្យអាមេរិកឡាទីនចែករំលែក ភាគលាភនៃកំណើនសេដ្ឋកិច្ចរបស់ចិន ។

ក្រៅពីនេះ ដោយសារគម្រោង សហប្រតិបត្តិការមួយចំនួននៃ “ខ្សែក្រវាត់និងផ្លូវ”ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល របស់បណ្ដាប្រទេសអាមេរិកឡាទីន ដូច្នេះ ការអនុវត្តជាក់ស្តែងនូវគម្រោងទាំងនោះ បានជំរុញផ្ទាល់នូវការអភិវឌ្ឍ និងឱកាសការងារក្នុងតំបន់និងបានកែលម្អជីវភាព រស់នៅរបស់ប្រជាពលរដ្ឋផងដែរ ។ អ្វីដែលកាន់តែសំខាន់ជាងទៀតគឺ គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ”បានបំពេញបន្ថែមកម្លាំងចលករថ្មីនៃការអភិវឌ្ឍរបស់បណ្ដាប្រទេសអាមេរិកឡាទីន ដែលបង្កើនសមត្ថភាពអភិវឌ្ឍន៍ខ្លួនឯង របស់ប្រទេសទាំងនោះ ។

បច្ចុប្បន្ននេះ ពិភពលោកបានឈានចូល ដំណាក់កាលរង្គោះរង្គើ និងកំណែទម្រង់ កំណើនសេដ្ឋកិច្ចបានបង្អង់ ល្បឿនយ៉ាងច្បាស់លាស់ ប្រទេសកំពុងអភិវឌ្ឍន៍ប្រឈមមុខ នឹងការលំបាកជាទូទៅ ។ ទន្ទឹមនឹងបណ្ដាប្រទេសអាមេរិកឡាទីន កំពុងស្វែងរកផ្លូវអភិវឌ្ឍន៍ របស់ខ្លួនឥតឈប់ឈរ ពួកគេក៏កាន់តែយល់ឃើញថា ការធ្វើតាមបទពិសោធន៍របស់ប្រទេសប៉ែកខាងលិច មិនអាចទទួលបានប្រសិទ្ធភាពល្អនោះទេ ។ ប៉ុន្តែគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” ដែលលើកឡើងដោយប្រទេសចិន គឺប្រកាន់ខ្ជាប់ការពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ដែលបានផ្តល់នូវផែនការល្អៗ សម្រាប់ពួកគេដោះស្រាយបញ្ហាអភិវឌ្ឍន៍ ។

ឆ្នាំនេះជាខួបទី១០ នៃការលើកឡើងគំនិតផ្តួចផ្តើម ស្តីពីការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ។ ប្រទេសចិនកំពុងជំរុញការធ្វើទំនើបកម្ម តាមបែបផែនចិនតាមរយៈការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ នេះនឹងផ្តល់ឱកាសកាន់តែច្រើន ដល់ប្រទេសនានាលើពិភពលោក ដែលបូករួមទាំងបណ្ដាប្រទេស អាមេរិកឡាទីនផងដែរ។ ធ្វើដំណើរតាម “យានជំនិះដ៏ងាយស្រួល” នៃការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ដោយគុណភាពខ្ពស់ កិច្ចសហប្រតិបត្តិការរវាងចិននិងអាមេរិកឡាទីន នឹងមានភាពកាន់តែស៊ីជម្រៅ ដើម្បីបង្កើតភាគលាភកាន់តែច្រើន ដល់ប្រជាជនភាគីទាំងពីរ ៕

To Top