ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
![](https://dap-news.com/wp-content/uploads/2023/06/383.jpg)
តាមការឲ្យដឹងពី លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៣, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើងចំនួន ៣, បោះពុម្ពលើស្បែកជើងកីឡា ចំនួន ១, ផលិតសម្ភារកាដូ ចំនួន ១ និងផលិតជ័រ និងផ្លាស្ទិក ចំនួន ១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍ អ៊ឺរ៉ុប សហរដ្ឋអាមេរិកប្រទេសកាណាដា ប្រទេសជប៉ុន ។ល។
![](https://dap-news.com/wp-content/uploads/2023/06/382.jpg)
នៅខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៣ មានរោងចក សហគ្រាស ចំនួន១៧៣ មានកម្មករនិយោជិតប្រមាណជាង ៥ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរ ចំនួន២០ មានកម្មករនិយោជិតសរុបជាង ៤ម៉ឺន៧ពាន់នាក់ និងជាខេត្តទី៨ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាស ច្រើន។
![](https://dap-news.com/wp-content/uploads/2023/06/380.jpg)
កន្លងទៅនេះ រាជរដ្ឋាភិបាល និងក្រុមការងាររបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានចុះបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង តែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទុក្ខបង ប្អូនកម្មករនិយោជិត និងជួយសម្រួលទៅដល់ដំណើរការរបស់រោងចក្រ សហគ្រាស ក្នុងខេត្តប្រកបដោយនិរន្តរភាព តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ គោលនយោបាយរបស់សម្តេចតេជោក្នុងការជំរុញការកសាងរោងចក្រ សហគ្រាស នៅតាមបណ្តាខេត្ត។
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)