ព័ត៌មានអន្តរជាតិ

កងកម្លាំងសហរដ្ឋអាមេរិក កោះតៃវ៉ាន់ និងជប៉ុន គ្រោងនឹងចែករំលែកទិន្នន័យបានមកពីយន្តហោះគ្មានមនុស្សបើក

តូក្យូ ៖ សារព័ត៌មានជប៉ុន Japantoday បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះថា យោងតាមការចុះផ្សាយដោយកាសែត Financial Times បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីពីមនុស្សដែលបានដឹងពីគម្រោងការនេះថា កងកម្លាំងរបស់សហរដ្ឋអាមេរិក កោះតៃវ៉ាន់ និងជប៉ុន នឹងចែករំលែកទិន្នន័យពេលវេលាជាក់ស្តែងដែលបានមកពីយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍ ក្នុងគោលបំណងដើម្បីពង្រឹងការសម្របសម្រួលនឹងគ្នា ។

ក្រសួងការពារជាតិកោះតៃវ៉ាន់បានឲ្យដឹងថា ខ្លួនមិនមានចំណេះដឹងអំពីអ្វីដែលហៅថា “ការព្យាករណ៍” អ្វីនោះទេ ។

គេបានដឹងថា នៅចុងអាណត្តិរបស់លោកប្រធានាធិបតី ត្រាំ សហរដ្ឋអាមេរិក បានប្រកាសលក់សព្វាវុធ ដែលមានទឹកប្រាក់ជាង៥ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ រួមទាំងយន្តហោះគ្មានមនុស្សបើកចំនួន៤គ្រឿងដែលមានតម្លៃ៦០០លានដុល្លារ ដែលមានបំណងធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពរបស់ដែនកោះមួយនេះ និងលើកទឹកចិត្តដើម្បីទប់ទល់នឹងការឈ្លានពានរបស់ប្រទេសចិន ។

កាសែតខាងលើបានចុះផ្សាយថា ក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឱ្យយន្តហោះទាំងនោះបញ្ចូលទៅក្នុងប្រព័ន្ធដែលកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់ និងកងកម្លាំងស្វ័យការពាររបស់ជប៉ុន នឹងប្រើប្រាស់យន្តហោះទាំងនោះ ។

សេចក្តីរាយការណ៍បានចុះផ្សាយទៀតថា គម្រោងការនេះដែរនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួនអាចសង្កេតមើលពីព័ត៌មានទាំងអស់ ដែលប្រមូលបានដោយយន្តហោះគ្មានមនុស្សបើកក្នុងពេលដំណាលគ្នាបាន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top