ព័ត៌មានអន្តរជាតិ

លោកស្រី ផែតងតាន ៖ លោក ថាក់ស៊ីន នៅតែប្តេជ្ញាចង់វិលចូលប្រទេសថៃ វិញ នៅខែក្រោយនេះដដែល

បរទេស ៖ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) កាលពីថ្ងៃពុធ បានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ឪពុកលោកស្រី គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាំ ក្នុងការវិលត្រឡប់ចូលមកប្រទេសថៃ វិញនៅខែក្រោយនេះ។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ័ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ដោយផ្អែកតាមការលើកឡើងរបស់លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រាថា លោកស្រីក៏បានត្រៀមខ្លួនជានាយករដ្ឋមន្ត្រីបន្ទាប់របស់ថៃផងដែរ ប្រសិនបើលោក ពីតា លឹមចារឿនរ៉ាត់ ប្រធានគណបក្ស Move Forward មិនអាចធ្វើបាន។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ លោកស្រីនៅតែគាំទ្រលោក ពីតា ឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់ដដែល។

លោកស្រី ផែតងតាន បាននិយាយនៅទីស្នាក់ការគណបក្សភឿថៃ ថា លើកចុងក្រោយដែលលោកស្រីបាននិយាយជាមួយឪពុករបស់លោកស្រី គឺថា គាត់នៅតែប្តេជ្ញាចិត្តថានឹងវិលត្រឡប់មកវិញនៅខែក្រោយ ដូចដែលគាត់បានសន្យា។

លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា ក៏បានច្រានចោលការរំពឹងទុកដែលថា ម្តាយរបស់លោកស្រី និងសមាជិកដទៃទៀត នៃគ្រួសារមិនចង់ឱ្យលោក ថាក់ស៊ីន ត្រឡប់មកវិញនៅខែក្រោយ។ លោកស្រីបាននិយាយថា ពួកគេមិនប្រឆាំងនឹងការវិលត្រឡប់របស់គាត់ទេ ប៉ុន្តែមានការព្រួយបារម្ភអំពីផលវិបាកដែលអាចកើតមាន។

លោកស្រីបន្ថែមថា «គាត់ថា គាត់កំពុងមើលស្ថានការណ៍នយោបាយ, គាត់មិនចង់ឲ្យគាត់ត្រឡប់ទៅបង្កភាពចលាចលទេ ពិតណាស់ឪពុកមានសារៈសំខាន់ខាងនយោបាយ ដូច្នេះ ការវិលត្រឡប់របស់គាត់ត្រូវតែផ្អែកលើភាពស័ក្តិសម… ភាពស័ក្តិសមខាងនយោបាយ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top