ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍អាមេរិក ទទួលស្គាល់ថា ការប្រយុទ្ធរវាងរុស្ស៊ី និងអ៊ុយក្រែន នៅពេលនេះ ជាការប្រយុទ្ធដ៏លំបាក និងជាការប្រយុទ្ធដ៏បង្ហូរឈាម

បរទេស ៖ អគ្គលេខាធិការ អង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សង្រ្គាមនៅអ៊ុយក្រែន បង្ហាញពីតម្រូវការក្នុង ការគាំទ្រអ៊ុយក្រែន និងបន្តផ្តល់ការគាំទ្រ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាន នៅពេលលោកទៅដល់ទីស្នាក់ការ អង្គការណាតូថា បន្ទាប់ពីចាប់ផ្តើមការវាយលុក ដែលរំពឹងទុក ជាយូរមកថា អ៊ុយក្រែនបានចំណេញ និងរំដោះទឹកដីដែលកាន់កាប់ពីកងកម្លាំងរុស្ស៊ី ក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ។

ក្រោយមក ឧត្តមសេនីយអាមេរិក គឺលោក Mark Milley ដែលជាប្រធានអគ្គសេនាធិការចម្រុះរបស់មន្ទីរបញ្ចកោណ បានបន្ទរការវាយតម្លៃនោះ ដោយប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប្រ៊ុចសែលថា អ៊ុយក្រែនកំពុង “រីកចម្រើន” ប៉ុន្តែលោកក៏បានទទួលស្គាល់ថា “វាជាការប្រយុទ្ធដ៏លំបាកមួយ ហើយ វាជាការប្រយុទ្ធបង្ហូរឈាមជាខ្លាំង»។

លោក Milley បាននិយាយថា សីលធម៌របស់កងទ័ពរុស្ស៊ី “មិនខ្ពស់ទេ” ហើយថា ភាពជាអ្នកដឹកនាំកងទ័ពរបស់ទីក្រុងម៉ូស្គូ គឺខ្វះខាត។

លោក Stoltenberg អគ្គលេខាធិការអង្គការណាតូ បាននិយាយថា ភាពជឿនលឿនទៅមុខរបស់ទីក្រុងគៀវ គឺដោយសារតែភាពក្លាហាន ភាពក្លាហាន ជំនាញរបស់ទាហានអ៊ុយក្រែន ប៉ុន្តែក៏បានបញ្ជាក់ និងបង្ហាញថា ការគាំទ្រដែលសម្ព័ន្ធមិត្តណាតូបានផ្តល់ឱ្យអ៊ុយក្រែនអស់រយៈពេលជាច្រើនខែ ពិតជាធ្វើឱ្យមានការផ្លាស់ប្តូរនៅលើសមរភូមិ។ ”

លោកបានកត់សម្គាល់ថា អ៊ុយក្រែនកាន់តែជោគជ័យ ក្នុងដំណាក់កាលនេះ សម្ពាធកាន់តែច្រើន នឹងដាក់លើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យមកកាន់តុចរចា និងផ្តល់ឱ្យអ៊ុយក្រែន នូវជំនួយរឹងមាំក្នុងកិច្ចចរចាសន្តិភាព ៕

ប្រែសម្រួលៈ ណៃ តុលា

To Top