ព័ត៌មានអន្តរជាតិ

ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច​ បានជំរុញឱ្យអ្នកវិនិយោគ ឆែកចាប់អារម្មណ៍មក វិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោក Jiří Kozák អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេស នៃសាធារណរដ្ឋឆែក បានថ្លែងថា កត្តាស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ប្រកបដោយថាមវន្ត របស់កម្ពុជា បានជំរុញឱ្យអ្នកវិនិយោគឆែក ចាប់អារម្មណ៍មក វិនិយោគនៅកម្ពុជា។

ការថ្លែងរបស់អនុរដ្ឋមន្ត្រីការបរទេស ឆែកបែបនេះធ្វើឡើង ក្នុងឱកាសអញ្ជេីញធ្វើជាសហប្រធាននៃ កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២ រវាងប្រទេសកម្ពុជា-ឆែក ជាមួយលោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការបរទេសខ្មែរ ។

ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ទូលំទូលាយដែលជាផលប្រយោជន៍រួម ឱ្យកាន់តែប្រសើរថែមទៀត។

ក្នុងជំនួបនោះលោកបណ្ឌិត ចែម វីឌ្យ៉ា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនឆែក ចំពោះជំនួយសប្បុរសធម៌ ជាច្រើនឆ្នាំកន្លងមក ចាប់តាំងពីការរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានរួមចំណែកយ៉ាងសំខាន់ ទៅដល់សុខុមាលភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ។ លោកក៏បានសង្ខេប ជូនសមភាគីឆែក អំពីស្ថានភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ ។

លោក Jiří Kozák បានស្ញេីចសរសើរការកើនឡើងយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ។

ក្នុងអំឡុងកិច្ចពិភាក្សា ភាគីទាំងពីរបានពិនិត្យឡើងវិញ នូវគម្រោងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ។ ភាគីទាំងពីរក៏បានឯកភាពលើកទឹកចិត្ត តួអង្គពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីបង្កើតឯកសារគតិយុត្តិ និងរៀបចំវេទិកាវិនិយោគ និងធុរកិច្ចជាទៀតទាត់ នៅក្នុងប្រទេសទាំងពីរ ដើម្បីទទួលបានការចូលរួម កាន់តែសកម្មពីវិស័យឯកជន ។

ភាគីទាំងពីរបានចែករំលែកទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងពិភពលោក ដែលជាផលប្រយោជន៍ និងកង្វល់រួមមួយចំនួន ដែលក្នុងឱកាសនោះ លោក ចែម វីឌ្យ៉ា បានកោតសរសើរការចូលរួមយ៉ាងសកម្ម របស់ឆែកក្នុងពេលធ្វើជាប្រធាន គណៈកម្មការ សហភាពអឺរ៉ុបនៅពាក់កណ្ដាលឆ្នាំ ២០២២ នៅក្នុងគោលគំនិតឥណ្ឌ-ប៉ាស៊ីហ្វិក របស់សហភាពអឺរ៉ុប និងក្នុងការរួមចំណែក ដ៏សំខាន់របស់សាធារណរដ្ឋឆែក ដែលបានរៀបចំកិច្ចប្រជុំកំពូល ដើម្បីរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៥ ភាពជាដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រកបដោយជោគជ័យ កាលពីខែធ្នូ ឆ្នាំ២០២២ ៕

To Top