ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបេឡារុស ព្រមានញិចមេទាហានស៊ីឈ្នួល Wagner ឱ្យខ្ទេចដូចស្រមោច បើសិនអ្នកប្រយុទ្ធរបស់លោក ហ៊ានរុលចូលក្រុង មូស្គូបន្តទៀត

ប្រភព ៖ AFP

បរទេស ៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយនៅក្នុងទីក្រុង Minsk កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី បានប្រមូលកងទ័ព ប្រហែល ១០ ០០០ នាក់ ដើម្បីប្រឆាំង នឹងការក្បួនយោធា របស់ក្រុមហ៊ុនយោធា ឯកជន Wagner ចូលមកកាន់ទីក្រុងមូស្គូ កាលពីសប្តាហ៍មុន ដោយលោកថា លោកក៏បានត្រៀមខ្លួនរួច ជាស្រេចក្នុងការបញ្ជូនកងកម្លាំង របស់លោកទៅកាន់ប្រទេសរុស្ស៊ីផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Lukashenko បាននិយាយថា ប្រទេសរុស្ស៊ីនឹងមានជ័យជំនះ នៅក្នុងការប្រឈមមុខដាក់គ្នា ប្រឆាំងនឹងពួកបះបោរ ប៉ុន្តែវាអាចបណ្តាល ឱ្យមានមនុស្សស្លាប់ “រាប់ពាន់នាក់” ដូច្នេះដំណោះស្រាយដោយសន្តិវិធីគឺជាអាទិភាព។ លោកបានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើយ៉ាង “ហ្មត់ចត់” ធ្វើបច្ចុប្បន្នភាពអំពីស្ថានភាព ដែលនាំឱ្យមេដឹកនាំបេឡារុស្ស ផ្តល់ជំនួយជាអ្នកសម្របសម្រួល ។

លោក Lukashenko ដែលជាប្រធានាធិបតីប្រទេស បេឡារុស បានប្រាប់យោធាបេឡារុស្សនៅក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារថា “អ្វីដែលគ្រោះថ្នាក់បំផុត … មិនមែនជាស្ថានភាពខ្លួនឯងទេ ប៉ុន្តែជាផលវិបាកដែលអាចកើតមាន” ។

លោកបាននិយាយថា លោកពូទីនបានប្រាប់លោកថា ស្ថាបនិកទាហានស៊ីឈ្នួល Wagner PMC គឺលោក Evgeny Prigozhin បានបដិសេធមិននិយាយជាមួយនរណាទាំងអស់ ហើយការប៉ុនប៉ងចរចាជាមួយគាត់នឹង “គ្មានប្រយោជន៍” ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Lukashenko ទំនងជាគ្រប់គ្រងបានដើម្បីបង្កើតទំនាក់ទំនងដោយមានជំនួយពីសេវាសន្តិសុខសហព័ន្ធរុស្ស៊ី។

មេដឹកនាំបេឡារុសរូបនេះ បានទទួលស្គាល់ថា លោក Prigozhin ស្ថិតក្នុងស្ថានភាព “រីករាយខ្លាំង” ក្នុងរយៈពេល ៣០ នាទីដំបូង ហើយពួកគេនិយាយភាគច្រើននៅក្នុងពាក្យអាសអាភាស។ លោកបានរំឭកថា មានពាក្យសម្បថ ១០ ដង ដែលប្រើច្រើនជាងពាក្យធម្មតា។

យោងតាមលោក Lukashenko គឺថា មេបញ្ជាការក្រុម Wagner មានការខកចិត្តចំពោះការបរាជ័យនៅសមរភូមិដែលរងទុក្ខនៅអ៊ុយក្រែន ហើយបាន “ជះឥទ្ធិពលយ៉ាងខ្លាំង” ទៅលើលោក Prigozhin ដែលបានអះអាងថា គាត់គ្រាន់តែទាមទារ “យុត្តិធម៌” ក្នុងការអំពាវនាវឱ្យដកឧត្តមសេនីយ៍រុស្ស៊ីចេញ តែប៉ុណ្ណោះ។

ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេ លោក Lukashenko បាននិយាយថា លោកបានព្រមានទៅលើ Prigozhin ថាគាត់នឹងត្រូវបាន “ញិចដូចជាសត្វស្រមោច” ប្រសិនបើគាត់ហ៊ានបន្តការហែក្បួនក្រុមអ្នកប្រយុទ្ធរបស់ខ្លួន សំដៅចូលទីក្រុងម៉ូស្គូ បន្តទៀតនោះ។

មេដឹកនាំបេឡារុស្សបានពិពណ៌នា អំពីរបៀបដែលគាត់បានព្រមានទៅលោក Prigozhin ថា កងពលតូចយោធាបានត្រៀមខ្លួនរួចរាល់ ហើយសម្រាប់ការដាក់ពង្រាយទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីការពាររដ្ឋធានីរុស្ស៊ីប្រសិនបើចាំបាច់។ គាត់ក៏បានទទួលស្គាល់ផងដែរនូវការព្រួយបារម្ភដែលថា ភាពចលាចលអាចហៀរចេញពីប្រទេសរុស្ស៊ី ហើយ “យើងនឹងក្លាយជាអ្នកបន្ទាប់ទៀត”៕
ប្រែសម្រួលៈ ណៃ តុលា

To Top