ព័ត៌មានអន្តរជាតិ

អាមេរិកប្រកាស លក់គ្រាប់បែក ទៅឱ្យសមាជិក របស់អង្គការណាតូ ដែលមានតម្លៃជិត ៣០០លានដុល្លារ

បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានជូនដំណឹងដល់សភា កាលពីថ្ងៃពុធថា មិនមានឧបសគ្គណាមួយ ក្នុងការលក់គ្រាប់បែក ទម្លាក់ពីលើអាកាស ៦០០ គ្រាប់ ទៅឱ្យប្រទេស ន័រវេស ប្រើសម្រាប់យន្តហោះ F-35A របស់ពួកគេនោះទេ ។ តម្លៃសរុប នៃកិច្ចសន្យាត្រូវបានប៉ាន់ ប្រមាណថាមានចំនួន ២៩៣ លានដុល្លារ ហើយរួមបញ្ចូលទាំងគ្រាប់បែក ក៏ដូចជាការថែទាំ និងជំនួយផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានផ្ញើសេចក្តីជូនដំណឹង តាមតម្រូវការដោយច្បាប់របស់សហរដ្ឋអាមេរិក ។ ទីភ្នាក់ងារនេះបានបញ្ជាក់ថា ការអនុញ្ញាតគឺត្រូវបានទាមទារ ដោយសារតែរដ្ឋាភិបាល នៅទីក្រុងអូស្លូបានបង្កើនសំណើពីដើម ១៨,៩ លានដុល្លារ សម្រាប់គ្រាប់បែកចំនួន ២០ ទៅដល់ ៥៨០គ្រាប់បន្ថែមទៀត។

សេចក្តីជូនដំណឹងរបស់ DSCA បានពិពណ៌នាអំពីអាវុធនេះថា ជាគ្រាប់បែកអង្កត់ផ្ចិតតូច GBU-53/B Small Diameter Bombs-Increment II (SDB-II) All-Up-Rounds (AUR) ។ ក្រុមហ៊ុនផលិតរបស់វាឈ្មោះ Raytheon ប្រើឈ្មោះ ‘StormBreaker’ ។

យោងតាមក្រុមហ៊ុន Raytheon គ្រាប់បែកនេះអាចប្រើរ៉ាដា រលកមីលីម៉ែត្រ អ៊ីនហ្វ្រារ៉េដ និងឡាស៊ែរពាក់កណ្តាលសកម្ម ដើម្បីដឹកនាំគ្រាប់បែក ទៅកាន់គោលដៅ ហើយថែមទាំងអាចដំណើរការ ក្នុងរបៀបពាក់កណ្តាលស្វយ័តទៀតផង ។ ការចូលបម្រើសេវាកម្មជាលើកដំបូង នៅចុងឆ្នាំ ២០២០ គ្រាប់បែកប្រភេទនេះ ត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់ដោយយន្តហោះទម្លាក់គ្រាប់បែក F-15 និង F/A-18 ក៏ដូចជា F-35s ទោះបីជាវាទាមទារការ អាប់ដេតកម្មវិធីនៅឆ្នាំ ២០២២ ក៏ដោយ។

ប្រទេសន័រវេសបានទទួលយន្តហោះ F-35 ចំនួន ៣៧ គ្រឿងក្នុងចំណោម ៥២ គ្រឿងដែលខ្លួនបានបញ្ជាពីសហរដ្ឋអាមេរិក។ យន្តហោះនីមួយៗ អាចផ្ទុកគ្រាប់បែក StormBreaker ដល់ទៅ ២៤ គ្រាប់ នៅខាងក្នុង ៨ គ្រាប់ និង ១៦ គ្រាប់នៅលើស្លាបខាងក្រៅ៕

ប្រែសម្រួលៈ ណៃ តុលា

ប្រភព ៖ AFP

To Top