ព័ត៌មានអន្តរជាតិ

អ្នកស្រុកជាង ១.១០០នាក់ បង្ខំជម្លៀសខ្លួនចេញពីតំបន់ឆ្នេរខ្សាច់ ដោយសារភ្លើងឆេះព្រៃ នៅរដ្ឋ Arizona

AFP

ឡូសអែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ អាជ្ញាធរបានឲ្យដឹងថា មានអ្នកស្រុកជាង ១.១០០នាក់ រស់នៅក្នុងតំបន់វាលខ្សាច់នៃរដ្ឋ Arizona សហរដ្ឋអាមេរិក ត្រូវបានជម្លៀសចេញដោយសារតែ ភ្លើងឆេះព្រៃដែលបណ្តាលមកពី ខ្យល់បោកបក់ខ្លាំង ។

នាយកដ្ឋានគ្រប់គ្រងព្រៃឈើ និងអគ្គីភ័យនៅរដ្ឋ Arizona បានបញ្ជាក់ថា ភ្លើងឆេះព្រៃ គេហៅថា Diamond Fire បានចាប់ផ្តើមឆាបឆេះឡើង កាលពីរសៀលថ្ងៃអង្គារនៅជិត Scottsdale ដែលជាទីក្រុងមួយនៅក្នុងតំបន់ទីប្រជុំជន Phoenix ។

នាយកដ្ឋានខាងលើនេះបានឲ្យដឹងថា ភ្លើងបានឆាបឆេះដល់ទៅ២.៥០០ហិកតា ស្មើនឹងប្រមាណ១០,១គីឡូម៉ែត្រក្រឡា ដោយមិនមានការទប់ស្កាត់ណាមួយនោះទេ ដោយបានឆេះតាមរយៈវាលស្មៅ នៅភាគពាយព្យនៃភ្នំ McDowell ។

ឧទ្យានតំបន់ភ្នំ McDowell នៅក្បែរនោះត្រូវបានបិទដោយសារតែភ្លើងឆេះយ៉ាងខ្លាំង នៅភាគខាងលិចនៃឧទ្យាននេះ ។

នាយកដ្ឋានគ្រប់គ្រងព្រៃឈើ និងពន្លត់អគ្គីភ័យរដ្ឋ Arizona បានឲ្យដឹងថា ក្រុមបុគ្គលិកបានព្យាយាមទប់ស្កាត់ ភ្លើងកុំឲ្យបន្តឆេះរាលដាល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top