ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសជាច្រើននៅលើពិភពលោក មានសុទិដ្ឋិនិយមចំពោះការធ្វើអន្តរជាតូបនីយកម្មប្រាក់យាន់ចិន

ថ្ងៃទី៣០ ខែ មិថុនា តាមម៉ោងក្នុងតំបន់ ប្រទេសអាហ្សង់ទីនបានសងប្រាក់បំណុលរបស់IMF ចំនួន២ពាន់៧រយលានដុល្លារអាមេរិកដែលផុតកាលបរិច្ឆេទនៅថ្ងៃដដែល ដោយប្រើប្រាស់សិទ្ធិដកប្រាក់ជាពិសេស នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិធីទូទាត់ដោយប្រាក់យាន់ចិន ។ នេះជាលើកដំបូងដែលប្រទេសអាហ្សង់ទីន សងប្រាក់បំណុលតាមរយៈប្រាក់យាន់ចិន ។

តាំងពីឆ្នាំនេះមក កិច្ចសហប្រតិបតិ្តការផ្នែកហិរញ្ញវត្ថុរវាងចិននិងអាហ្សង់ទីនបានពន្លឿនល្បឿនឥតឈប់ឈរ ដូចជានៅខែមេសា អាហ្សង់ទីនបាននាំចូលទំនិញពីប្រទេសចិន តាមរយៈការទូទាត់ដោយប្រាក់យាន់ចិន នៅដើមខែមិថុនា អាហ្សង់ទីននិងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយវត្ថុដែលមានទំហំ១៣ម៉ឺនលានប្រាក់យាន់ចិន បន្ទាប់មក គណៈកម្មការមូលបត្រជាតិអាហ្សង់ទីនបានអនុម័តឱ្យទីផ្សារក្នុងតំបន់ដាក់ចេញផលិតផលមូលបត្រដែលទូទាត់ដោយប្រាក់យាន់ចិន ។ល។ វិធានការណ៍មួយចំនួននេះមានន័យថា កិច្ចសហប្រតិបតិ្តការផ្នែកហិរញ្ញវត្ថុរវាងចិន និងអាហ្សង់ទីន បានឈានចូលផ្លូវល្បឿនលឿន ។


ប៉ុន្មានឆ្នាំកន្លងមក ប្រទេសអាហ្សង់ទីន បានប្រឈមនឹងបញ្ហាកង្វះខាតដុល្លារអាមេរិក ជានិច្ច ។ នៅចុងឆ្នាំ២០២២ ទំហំប្រាក់បំណុលបរទេសរបស់អាហ្សង់ទីន បានកើនឡើងដល់២៧៦.៧ពាន់លានដុល្លារអាមេរិក ប៉ុន្តែ រូបិយប័ណ្ណបម្រុងរបស់អាហ្សង់ទីនមានតែ៤៤.៦ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ។ ដូច្នេះ ការបន្ថែមការទូទាត់តាមរយៈប្រាក់យាន់ចិន អាចជួយអាហ្សង់ទីនសន្សំសំចៃដុល្លារអាមេរិកយ៉ាងច្រើន និងកាត់បន្ថយកម្លាំងសម្ពាធពីរូបិយប័ណ្ណបម្រុង ក៏ដូចជារក្សាកម្លាំងភាពរស់រវើករបស់សេដ្ឋកិច្ចផងដែរ ។


តាមស្ថិតិឱ្យដឹងថា នៅខែមេសា និងខែឧសភាឆ្នាំនេះ ទំហំការនាំចូលដែលអាហ្សង់ទីនទូទាត់ដោយប្រាក់យាន់ចិនក្នុងពីរខែនេះ ត្រូវជា១៩ភាគរយនៃទំហំនាំចូលសរុប ។ តាមការប៉ាន់ប្រមាណ ចាប់ពីខែឧសភាឆ្នាំនេះតទៅ អាហ្សង់ទីននឹងប្រើប្រាស់ប្រាក់យាន់ចិន ត្រូវជាពី៧៩០លាន ដល់១០០០លានដុល្លារអាមេរិក ទូទាត់ទំនិញនាំចូលពីប្រទេសចិន ។

ក្នុងសភាពការណ៍ដែលអាហ្សង់ទីនខ្វះខាតដុល្លារអាមេរិក ការទូទាត់ការនាំចូលទំនិញដោយប្រាក់យាន់ចិនអាចធានាដល់ការនាំចូលទំនិញចិនទៅកាន់អាហ្សង់ទីន ការសងប្រាក់បំណុលដោយប្រាក់យាន់ចិន អាចឱ្យអាហ្សង់ទីនចៀសវាងរំលោភបំពានកិច្ចសន្យាបំណុល រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កើនជំនឿចិត្តចំពោះទីផ្សារ ។


ក្រៅពីនេះ ធនាគារកណ្តាលអាហ្សង់ទីនបានដាក់បញ្ចូលប្រាក់យាន់ចិនក្នុងប្រព័ន្ធធនាគារប្រទេសខ្លួនដែលមិនធ្លាប់មានពីមុន ពោលគឺអនុម័តឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអាហ្សង់ទីន បើកគណនីប្រាក់យាន់ចិន និងអាចទូទាត់ប័ណ្ណបំណុលដោយប្រាក់យាន់ចិនជាដើម ប្រការទាំងនេះអាចជំរុញសហគ្រាសទុនចិនពង្រីកការបណ្តាក់ទុននៅអាហ្សង់ទីន ជួយសហគ្រាសកាត់បន្ថយដើមទុននៃការរួមបញ្ចូលទុននិងប្រកបអាជីវកម្ម ក៏ដូចជាជំរុញការអភិវឌ្ឍរបស់សហគ្រាសនៅក្នុងតំបន់ ដូច្នេះប្រការទាំងនេះមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនិងវែងឆ្ងាយ ។


បើសម្លឹងមើលឱ្យវែងឆ្ងាយ ចិននិងអាហ្សង់ទីន បង្កើនកិច្ចសហប្រតិបតិ្តការផ្នែកហិរញ្ញវត្ថុ មានអត្ថន័យមិនត្រឹមតែទ្វេភាគីប៉ុណ្ណោះទេ ។ ក្នុងរយៈពេលជាយូរមកហើយ អាហ្សង់ទីន បានជួបប្រទះបញ្ហាប្រាក់បំណុលបរទេសរហូត កត្តានេះគឺមិនកាត់ផ្ដាច់ពីអនុត្តរភាពរបស់ដុល្លារអាមេរិកនោះទេ ។ កាលពីឆ្នាំ២០១៦ ដុល្លារអាមេរិក បានបន្ថែមការប្រាក់ឥតឈប់ឈរ បណ្តាលឱ្យប្រាក់ទុនរត់ចេញពីអាហ្សង់ទីន និងរូបិយវត្ថុអាហ្សង់ទីន ធ្លាក់ថ្លៃយ៉ាងធ្ងន់ធ្ងរ ។ ដូច្នេះ អាហ្សង់ទីនមានតែខ្ចីប្រាក់ពីIMFដោយខានមិនបាន ។

ប៉ុន្តែការនេះហាក់ដូចជាបើក “ប្រអប់វេទមន្ត Pandora” បណ្តាលឱ្យអាហ្សង់ទីនធ្លាក់ចូលអន្លង់ជ្រៅនៃបំណុល ។ ការកាត់បន្ថយការពឹងផ្អែកទៅលើដុល្លារអាមេរិក ជាជំហានដ៏សំខាន់មួយរបស់អាហ្សង់ទីន ដើម្បីបំបែកអនុត្តរភាពដុល្លារអាមេរិក ។
បច្ចុប្បន្ននេះ ក្រោមការជំរុញពីប្រេស៊ីលនិងអាហ្សង់ទីន ជាដើម ប្រទេសអាមេរិកឡាទីនផ្សេងទៀតក៏បាននាំគ្នាលើកឡើងពីគំនិត “ការកាត់បន្ថយដុល្លារអាមេរិក” ។

ដូចអត្ថបទក្រោមចំណងជើងថា «អនុវត្តរភាពដុល្លារអាមេរិកមានភាពរង្គោះរង្គើរួចហើយ»ដែលប្រព័ន្ធសារព័ត៌មានរបស់អេស្ប៉ាញបានចេញផ្សាយនោះ បានព្យាករណ៏ថា ឋានៈដឹកនាំនិងអនុត្តរភាពរបស់ដុល្លារអាមេរិកនៅទូទាំងពិភពលោកមិនមែនមិនអាចធ្វើឱ្យរង្គោះរង្គើនោះទេ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top