ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ថា លោក Mikhail Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី បានថ្លែងកាលពីយប់ថ្ងៃអង្គារថា សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី កំពុងងើបឡើងវិញជាលំដាប់ពីផលប៉ះពាល់នៃទណ្ឌកម្ម និងបញ្ហាប្រឈមផ្សេងៗទៀត ជាមួយគ្នានេះដែរ នឹងមានកំណើនផលិតផលក្នុងស្រុកសរុប រឺហៅកាត់ថា ជីឌីភីចំនួន០,៦ភាគរយគិតនៅក្នុងរយៈពេល៥ដំបូងនៃឆ្នាំ២០២៣នេះ ។
នៅក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន លោក Mishustin បានលើកឡើងថា សេដ្ឋកិច្ចរបស់រុស្ស៊ីបានកើនឡើង៥,៤ភាគរយនៅក្នុងខែឧសភាបើធៀបនឹងឆ្នាំមុន ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងជាង២ភាគរយនៅក្នុងឆ្នាំនេះ ប្រសិនបើមិនមានកាលៈទេសៈប្រែប្រួលណាមួយដែលមិនបានដឹងទុកជាមុនទេនោះ ។
លោក ពូទីន បានចង្អុលបង្ហាញថា ការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF សម្រាប់កំណើនសេដ្ឋកិច្ចរុស្ស៊ី គឺ ០,៧ភាគរយនៅក្នុងឆ្នាំនេះ ធៀបនឹង១,៦ដល់១,៩ភាគរយដែលបានព្យាករណ៍ដោយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ចរុស្ស៊ី ។
លោក Mishustin បានថ្លែងថា “ការប៉ាន់ស្មានជាផ្លូវការនៅតែទាបជាង ប៉ុន្តែយើងនឹងធ្វើបច្ចុប្បន្នភាព សេដ្ឋកិច្ចនៅក្នុងខែសីហា ហើយខ្ញុំប្រាកដថា វានឹងលើសពី២ភាគរយដោយផ្អែកលើប៉ារ៉ាម៉ែត្រដែលយើងមើលឃើញ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា