ព័ត៌មានអន្តរជាតិ

អាមេរិក ធ្វើ​ការ​វាយ​ប្រហារ​ដ៏​អាក្រក់​បំផុត​ ប្រឆាំង​នឹង​វេណេស៊ុយអេឡា មិនធ្លាប់មានក្នុង​រយៈ​ពេលជាង ២០០ ឆ្នាំ

រូបភាពពី៖​ XINHUA

ការ៉ាកាស៖ សមាជិកសភាជាន់ខ្ពស់របស់វេណេស៊ុយអេឡាបានឲ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិក ថ្មីៗនេះ បានបើកការវាយប្រហារដ៏អាក្រក់បំផុត ប្រឆាំងនឹងវេណេស៊ុយអេឡា មិនធ្លាប់មានក្នុងរយៈពេល ២សតវត្សកន្លងមកនេះ។

ថ្លែងនៅក្នុងពិធីរំលឹកខួបលើកទី២១២ នៃការប្រកាសឯករាជ្យរបស់ប្រទេសវេណេស៊ុយអេឡា លោក Jorge Rodriguez ប្រធានរដ្ឋសភា នៃប្រទេសវេណេស៊ុយអេឡា បានបរិហារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូងមួយនេះថាជា “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”។

លោក Rodriguez បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនបាន “ដាក់បញ្ចូលប្រទេសវេណេស៊ុយអេឡា ទៅនឹងការឈ្លានពានដ៏អាក្រក់បំផុតដែលខ្លួនបានជួបប្រទះក្នុងរយៈពេល ២១២ ឆ្នាំចុងក្រោយនេះ”។

លោក Rodriguez បានបន្ដថា ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានរឹតបន្តឹងការចូលប្រើប្រាស់របស់ជនជាតិវេណេស៊ុយអេឡា ចំពោះទំនិញសំខាន់ៗ ដូចជាថ្នាំពេទ្យ និងអាហារ ដោយសង្កត់ធ្ងន់ថាជា “ឧក្រិដ្ឋជន” ដែលនៅពីក្រោយគោលនយោបាយនេះ គួរតែត្រូវបានថ្កោលទោស និងទទួលខុសត្រូវ។

អនុរដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក William Castillo ក៏បានថ្កោលទោសការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចំពោះការធ្វើឱ្យខូចដល់ការអភិវឌ្ឍន៍របស់វេណេស៊ុយអេឡាផងដែរ។

ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃពុធបានប្រារព្ធខួបឯករាជ្យលើកទី២១២ ជាមួយនឹងព្រឹត្តិការណ៍នយោបាយ វប្បធម៌ និងយោធាជាច្រើន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “យើងអបអរសាទរ ចំពោះភាពស្មោះត្រង់របស់ប្រជាជនជាមួយនឹងគោលការណ៍ និងប្រវត្តិសាស្រ្តរបស់ពួកគេ។ ការសម្រេចចិត្តឱ្យមានសេរីភាពនៅតែមានភាពរឹងមាំ និងដាច់ខាតដូចកាលពី ២១២ឆ្នាំមុន”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top