ព័ត៌មានអន្តរជាតិ

កាតា សាទរចំពោះតួនាទីវិជ្ជមានរបស់ចិន ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងក្នុងចំណោមប្រទេសក្នុងតំបន់

រូបភាពពី៖​ XINHUA

ដូហា៖ មន្ត្រីជាន់ខ្ពស់កាតាកាលពីថ្ងៃអង្គារបានថ្លែងការកោតសរសើរយ៉ាងខ្លាំង អំពីតួនាទីវិជ្ជមានរបស់ប្រទេសចិន ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងក្នុងចំណោមប្រទេសក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Mohammed bin Abdulaziz Al-Khulaifi រដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសកាតា បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយលោក Zhai Jun បេសកជនពិសេសរបស់ចិន ទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា នៅទីក្រុងដូហា ប្រទេសកាតា ថា ប្រទេសកាតាទន្ទឹងរង់ចាំការបង្កើនទំនាក់ទំនង និងការសម្របសម្រួលជាមួយប្រទេសចិន លើបញ្ហាចំណុចក្តៅក្នុងតំបន់ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់។

លោក Al-Khulaifi បានលើកឡើងថា ប្រទេសកាតា និងចិន មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ហើយភាគីទាំងពីរបានរក្សាកម្រិតខ្ពស់ នៃការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

លោកបានបន្ថែមថា កាតាប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយចិនតែមួយ ហើយមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិនក្នុងវិស័យផ្សេងៗ។

ដោយកត់សម្គាល់ថាឆ្នាំនេះជាខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកាតា លោក Zhai បានលើកឡើងថា ការបោះជំហានយ៉ាងសំខាន់ត្រូវបានធ្វើឡើងនៅក្នុងទំនាក់ទំនងចិន-កាតា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

លោក Zhai បានបន្ដថា ប្រទេសចិន មានឆន្ទៈធ្វើការជាមួយប្រទេសកាតា ស្របតាមការណែនាំរបស់មេដឹកនាំ នៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែខ្ពស់ថែមទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top