ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សំបុត្រឆ្លើយតបរបស់លោកXi Jinping ប្រធានរដ្ឋចិន ធ្វើឱ្យពិភពលោក យល់ច្បាស់ ពីទំនួលខុសត្រូវរបស់ប្រទេសចិន តាមរយៈ កិច្ចការសវនកម្ម

“នៅពេលដឹងថា លោក Xi Jinping ប្រធានរដ្ឋចិនបានតបសំបុត្រមកកាន់ខ្ញុំវិញ ខ្ញុំមានអារម្មណ៍រំភើបចិត្ត និងសប្បាយរីករាយណាស់ ។ ក្រោយពីត្រឡប់ទៅមាតុភូមិវិញ ខ្ញុំនឹងប្រើប្រាស់ចំណេះដឹងសវនកម្មដែលរៀនបាននៅប្រទេសចិន ដើម្បីបម្រើដល់កិច្ចកសាងប្រទេសជាតិខ្លួនឯង។” ថ្ងៃទី៥ខែកក្កដា និស្សិតស្រី Tawona ដែលមកពីប្រទេសម៉ាឡាវី រៀនថ្នាក់អន្តរជាតិ អនុបណ្ឌិតមុខវិជ្ជាសវនកម្ម នៅសាកលវិទ្យាល័យសវនកម្មទីក្រុងNanJing ប្រទេសចិន បានប្រាប់ទៅកាន់អ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដូចខាងលើនេះ ។

នៅថ្ងៃទី៤ខែកក្កដា លោក XiJinping ប្រធានរដ្ឋចិនបានផ្ញើសំបុត្រឆ្លើយតបទៅកាន់ និស្សិតបន្តការសិក្សានៅថ្នាក់អន្តរជាតិនេះ ក្នុងន័យលើកទឹកចិត្តចំពោះពួកគេឱ្យបង្កើនការផ្លាស់ប្តូរ រៀនសូត្រនិងចែករំលែកបទពិសោធន៍ ទៅវិញទៅមកជាមួយអ្នកប្រកប ការងារដូចគ្នារបស់ប្រទេសចិន ហើយឈ្វេងយល់ពីប្រទេសចិន យល់ច្បាស់ពីប្រទេសចិន តាមរយៈកិច្ចការសវនកម្ម និងរួមចំណែកយ៉ាងសកម្មក្នុងការធ្វើឱ្យស៊ីជម្រៅ នូវមិត្តភាពនិងកិច្ចសហប្រតិបត្តិការអន្តរប្រទេស ។ សំបុត្រឆ្លើយតបនេះ បានធ្វើឱ្យនិស្សិតចំនួន៣៧រូប នៃថ្នាក់រៀនរបស់អ្នកនាង Tawona រំភើបចិត្តខ្លាំងណាស់ ។

សូមបញ្ជាក់ថា ថ្នាក់អន្តរជាតិអនុបណ្ឌិតមុខវិជ្ជាសវនកម្ម នៃសាកលវិទ្យាល័យសវនកម្មទីក្រុង NanJing ប្រទេសចិន គឺបង្កើតឡើងនៅឆ្នាំ២០១៦ បានបណ្តុះបណ្តាលធនធានមនុស្សឯកទេស ចំនួន២៨០នាក់ឱ្យស្ថាប័នសវនកម្មរបស់បណ្តាប្រទេសតាមបណ្តោយ“ខ្សែក្រវាត់និងផ្លូវ”ចំនួន៧៦។ ក្នុងចំណោមនោះ មាននិស្សិត២០០នាក់បានបញ្ចប់ការសិក្សាដោយរលូន ហើយត្រឡប់ទៅកាន់ប្រទេសខ្លួនវិញនិងបម្រើនៅមុខងារសវនកម្ម ។

និយាយចំពោះនិស្សិតបន្តការសិក្សាទាំងឡាយ ក្នុងអំឡុងពេលរៀនសូត្រនៅប្រទេសចិន ពួកគេមិនគ្រាន់តែបានរៀន ចំណេះដឹងឯកទេសខាងសវនកម្មប៉ុណ្ណោះទេ ថែមទាំងក៏បានចាប់អារម្មណ៍ ដល់ប្រព័ន្ធអភិបាលកិច្ចនិងទំនើបនីយកម្ម នៃសមត្ថភាពអភិបាលកិច្ចរបស់ប្រទេសចិន តាមរយៈដំណើរចុះកម្មសិក្សាជាក់ស្តែងទៀតផង ។

ក្នុងដំណើរនេះ ពួកគេបានកាន់តែយល់ដឹងពីវប្បធម៌ និងសភាពការណ៍ជាក់ស្តែងរបស់ប្រទេសចិន កាន់តែយល់ដឹងពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិន និងបក្សកុម្មុយនីស្តចិន ហើយបានក្លាយទៅជាបេសកជន នៃការផ្លាស់ប្តូរដោយមេត្រីភាពរវាងប្រទេសនានា។

នៅប្រទេសចិន កិច្ចការសវនកម្មគឺជាផ្នែកដ៏សំខាន់ នៃបក្សកាន់អំណាចនិងប្រព័ន្ធត្រួតពិនិត្យជាតិរបស់ប្រទេសចិន ។ តាមទិន្នន័យបង្ហាញឱ្យឃើញថា ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៩ ប្រទេសចិន បានធ្វើសវនកម្មចំពោះអង្គភាពចំនួនជាង៤៤ម៉ឺន ដែលបានបង្កើនការចំណូលនិងកាត់បន្ថយការចំណាយ ក៏ដូចជាបានស្តារការខូចខាត សរុបជាង២ ទ្រីលានយាន់ប្រាក់ចិន ។

តាមរយៈការរៀនសូត្រ និស្សិតបរទេសបានយល់ដឹងពីរបបសវនកម្ម នៃប្រទេសចិន កាន់តែស៊ីជម្រៅ ហើយមានចំណាប់អារម្មណ៍ចំពោះការបេ្តជ្ញាចិត្ត យ៉ាងមុតមាំរបស់បក្សកុម្មុយនីស្តចិន ក្នុងការប្រឆាំងអំពើពុករលួយ និស្សិតទាំងឡាយបានសំដែងការកោតសរសើរចំពោះសមិទ្ធផលរបស់ប្រទេសចិន ក្នុងកិច្ចការសវនកម្មដែលទទួលបានក្នុងអភិបាលកិច្ច ។

បន្ទាប់ពីត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ ពួកគេនឹងក្លាយទៅជាកម្មាភិបាលជំនាញដ៏ឆ្នើម ឬកម្មាភិបាលគ្រប់គ្រងក្នុងមុខងារសវនកម្មរបស់ប្រទេសខ្លួន ព្រមនិងនាំយក នូវតម្រិះប្រាជ្ញាចិន និងគម្រោងចិន សម្រាប់អភិវឌ្ឍវិស័យសវនកម្មរបស់ប្រទេសខ្លួនផងដែរ ។

ឆ្នាំនេះគឺជាខួបលើកទី១០នៃការលើកឡើងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” ។ ការបណ្តុះបណ្តាលថ្នាក់ អនុបណ្ឌិតសវនកម្មឱ្យបណ្តាប្រទេសនានាលើពិភពលោក ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍ ជាសមិទ្ធផលមួយនៃគំនិតផ្តួចផ្តើមនេះ ។

គម្លាតឆ្លងកាត់គីរីជលសារ មហាសាគរ ការសម្រេចបាន នូវសន្តិភាពជាយូរអង្វែង ការជំរុញការអភិវឌ្ឍរួម និងការបង្កើនកិច្ចសន្ទនាអរិយធម៌ ប្រការទាំងនេះគឺជាកិច្ចការដែលប្រទេសចិនកំពុងខិតខំធ្វើ ។

ពិភពលោកក៏អាចយល់ច្បាស់ ពីទំនួលខុសត្រូវរបស់ប្រទេសចិន តារយៈកិច្ចការទាំងនោះផងដែរ៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top