តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Shana ដែលពាក់ព័ន្ធជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានពិភាក្សាជាមួយប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ការវិនិយោគរួមគ្នានៅក្នុងឧស្សាហកម្មប្រេង និងឧស្ម័ន និងការអភិវឌ្ឍន៍រួមគ្នានៃអណ្តូងប្រេងរួម។
ការពិភាក្សានេះបានធ្វើឡើង នៅពេលដែលរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានជួបដាច់ដោយឡែកជាមួយ រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Abdulaziz bin Salman និងរដ្ឋមន្ត្រីថាមពល និងហេដ្ឋារចនាសម្ព័ន្ធអារ៉ាប់រួមលោក Suhail Al Mazrouei កាលពីថ្ងៃពុធ នៅខាងក្រៅកិច្ចប្រជុំនៃអង្គការ OPEC លើកទី៨ (អង្គការនៃប្រទេសនាំចេញប្រេង) សិក្ខាសាលាអន្តរជាតិ ដែលបានប្រារព្ធឡើង នៅរដ្ឋធានីវីយែននៃប្រទេសអូទ្រីស។
នៅក្នុងជំនួបរបស់លោក ជាមួយរដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត ពួកគេក៏បានពិភាក្សាអំពីទីផ្សារ ប្រេងពិភពលោកបច្ចុប្បន្ន និងអនាគតរបស់វា ទស្សនវិស័យតម្លៃប្រេងឆៅ ការជួញដូរវត្ថុធាតុដើមអ៊ីដ្រូកាបូន និងការសម្រេចចិត្តនាពេលអនាគត និងបញ្ហាទាក់ទងនឹង OPEC និង OPEC+ ។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីអារ៉ាប់រួម ភាគីទាំងពីរបានលើកឡើង ពីការពង្រីកកិច្ចសហប្រតិបត្តិការប្រេង និងឧស្ម័ន និងភាពចាំបាច់នៃការសិក្សាលទ្ធភាព សម្រាប់ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ។
អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានប្រកាសកាលពីខែមេសា អំពីការបន្តទំនាក់ទំនងការទូតឡើងវិញ ដោយមានប្រសិទ្ធិភាពភ្លាមៗ ៧ឆ្នាំបន្ទាប់ពីទីក្រុងរីយ៉ាដ បានផ្តាច់ទំនាក់ទំនងជាមួយ ទីក្រុងតេអេរ៉ង់ក្នុងឆ្នាំ២០១៦ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារ លើបេសកកម្មការទូតអារ៉ាប៊ីសាអូឌីត នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីព្រះរាជាណាចក្របាន ប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីត ៕
ប្រែសម្រួល ឈូក បូរ៉ា
