ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ី បណ្ដេញអ្នកការទូត ហ្វាំងឡង់ ៩នាក់ ចេញពីប្រទេស ទុកជាការសងសឹក

ប្រភព ៖ AFP

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រកាសថា អ្នកការទូត ចំនួន ៩នាក់ នៅស្ថានទូតហ្វាំងឡង់ ប្រចាំនៅទីក្រុងមូស្គូ និងស្ថានអគ្គកុងស៊ុលហ្វាំងឡង់នៅទីក្រុង St. Petersburg ត្រូវបានបណ្ដេញចេញពីប្រទេស ទុកជាការសងសឹក។

ក្រសួងបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំនៅប្រទេសរុស្ស៊ី លោក Antti Helantera ត្រូវបានកោះហៅ កាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេជូនដំណឹង អំពីការបណ្តេញអ្នកការទូត របស់ប្រទេសហ្វាំងឡង់ ។

ប្រភពបានឲ្យដឹងថា ការសម្រេចចិត្តត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការបណ្តេញអ្នកការទូតរុស្ស៊ី ៩នាក់នាពេលថ្មីៗនេះរបស់ប្រទេសហ្វាំងឡង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ទីក្រុងមូស្គូ បានឲ្យដឹងថា ខ្លួនក៏បានសម្រេចចិត្តដកការ យល់ព្រមរបស់ខ្លួន ចំពោះសកម្មភាព របស់អគ្គកុងស៊ុលហ្វាំងឡង់ នៅទីក្រុង St. Petersburg ចាប់ពីថ្ងៃទី០១ ខែតុលា ដោយបន្ថែមថានេះគឺជាការឆ្លើយតបទៅនឹង សកម្មភាពប្រឈមមុខដាក់គ្នា របស់ប្រទេសហ្វាំងឡង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top