ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន អំពាវនាវឱ្យកងទ័ព ធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួនប្រយុទ្ធ

រូបភាពពី៖​ AFP

បរទេស ៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានអំពាវនាវឱ្យកងទ័ពរំដោះប្រជាជនចិន (PLA) ធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួនប្រយុទ្ធ ដើម្បីអាច “ឈ្នះសង្គ្រាមណាមួយ” បន្ទាប់ពីបានជួបជាមួយបញ្ជាការយោធា ដែលទទួលខុសត្រូវលើប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ទាហាននៅទីស្នាក់ការបញ្ជាការ Eastern Theater របស់ PLA ក្នុងទីក្រុង ណានជីង កាលពីថ្ងៃព្រហស្បតិ៍ លោក ស៊ី បានសាទរចំពោះ “ការរួមចំណែកដ៏សំខាន់” របស់ពួកគេក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេសចិន និងបានជំរុញឱ្យមាន “ការប្រុងប្រយ័ត្នប្រឆាំងនឹងគ្រោះថ្នាក់ដែលអាចកើតមាន” ។

លោកប្រធានាធិបតី ស៊ី ជិនពីង បាននិយាយបន្ទាប់ពីធ្វើអធិការកិច្ច នៃទីបញ្ជាការបញ្ជាការថា “វាចាំបាច់សម្រាប់ពួកយើងក្នុងការធ្វើឱ្យស៊ីជម្រៅ នូវផែនការលើសង្រ្គាម និងការប្រយុទ្ធ ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធរួមគ្នា នៃបញ្ជាការ Eastern Theater ផ្តោតលើការហ្វឹកហ្វឺនប្រយុទ្ធជាក់ស្តែង និងធ្វើឱ្យប្រសើរឡើង នូវសមត្ថភាពរបស់យើងក្នុងការឈ្នះសង្រ្គាមណាមួយ” ។

បញ្ជាការ Eastern Theater ផ្តោតជាសំខាន់លើសមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់ ហើយនឹងទទួលភារកិច្ចធ្វើប្រតិបត្តិការធំៗប្រឆាំងនឹងតៃប៉ិ ក្នុងករណីមានការឈ្លានពាន។

ក្នុងរយៈពេលមួយឆ្នាំមុន បញ្ជាការបានអនុវត្តសមយុទ្ធបាញ់គ្រាប់ពិតជាច្រើនដងនៅក្នុងដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់ រួមទាំងសមយុទ្ធរយៈពេលបីថ្ងៃក្នុងខែមេសា បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សាយ អ៊ីងវិន បានជួបជាមួយមន្ត្រីជាន់ខ្ពស់អាមេរិក។

កាលពីខែសីហាឆ្នាំមុន គេក៏បានឃើញល្បែងសង្គ្រាមដែលមិនធ្លាប់មានពីមុនមក រួមទាំងសមយុទ្ធសម្រាប់ការបិទផ្លូវពេញលេញ នៃកោះនេះ ជាការសងសឹកចំពោះជំនួបជាមួយប្រធានសភាអាមេរិក លោកស្រី ណេនស៊ី ផេលឡូស៊ី នាពេលនោះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top