ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណអាមេរិក​ ថា យន្តហោះចម្បាំងរុស្ស៊ី បានបាញ់ទម្លាក់អណ្តាតភ្លើង នៅពីមុខយន្តហោះគ្មានមនុស្សបើកអាមេរិក Reaper នៅដែនអាកាសស៊ីរី

រូបភាពពី៖​ AFP

បរទេស៖ យោធាអាមេរិក បានចោទយន្តហោះចម្បាំងរុស្ស៊ី ពីអាកប្បកិរិយា ឬហោះហើរ “មិនមានសុវត្ថិភាព” សម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ដោយអះអាងថា យន្តហោះចម្បាំងរុស្ស៊ី ទាំងនោះបានហោះហើរ ស្ទើតែនឹងមាន “គ្រោះថ្នាក់” ជាមួយយន្តហោះគ្មានមនុស្សបើកអាមេរិក Reaper អំឡុងពេលប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមសេវាកម្មអាកាស នៃទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM), Air Forces Central បានចែករំលែកវីដេអូ នៃការខិតជិតគ្នា ដោយនិយាយថា យន្តហោះរុស្ស៊ី បានទម្លាក់អណ្តាតភ្លើង នៅពីមុខយន្តហោះគ្មានមនុស្សបើក MQ-9 ជាច្រើនគ្រឿង ហើយបានហោះជិតយ៉ាងគ្រោះថ្នាក់ ដែលស្ទើតែបង្កគ្រោះថ្នាក់ដល់យន្តហោះទាំងអស់ដែលពាក់ព័ន្ធ។

ឃ្លីបវីដេអូខ្លីគឺបានបង្ហាញពីអ្វីដែលមើលទៅ ដូចជាយន្តហោះចម្បាំងរុស្ស៊ី កំពុងបាញ់ពង្រាយចេញអណ្តាតភ្លើង នៅជិតយានគ្មានមនុស្សបើករបស់អាមេរិក មុនពេលហោះចេញ ដោយមានលោកឧត្តមសេនីយ៍ទោ Alex Grynkewich ប្រមុខកងទ័ពអាកាស Air Forces Central បានចាត់ទុកឧបទ្ទវហេតុនេះថា “ឧទាហរណ៍មួយទៀតនៃសកម្មភាពគ្មានវិជ្ជាជីវៈ និងគ្មានសុវត្ថិភាព ដោយកងកម្លាំងអាកាសរុស្ស៊ី ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី”។

ការជួបគ្នានេះបានកើតឡើងមិនដល់មួយថ្ងៃផង បន្ទាប់ពីកងកម្លាំងអាកាសកណ្តាលអាមេរិក បានចោទប្រកាន់ស្រដៀងគ្នានេះ ទៅលើអាកាសយានិករុស្ស៊ី នៅក្នុងប្រទេសស៊ីរី ដោយបានចោទពួកគេពីបទ “រំខាន” ដល់យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ក្នុងអំឡុងពេលបេសកកម្មមួយផ្សេងទៀតកាលពីថ្ងៃពុធ។

យ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានច្រានចោលការអះអាងទាំងពីរនេះ ដោយអនុប្រធានមជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ី សម្រាប់ស៊ីរី លោកឧត្តមនាវី អូឡិក ហ្គូរីណូវ បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អាមេរិក បានរំលោភលើពិធីសារ នៃការផ្សះផ្សាជាច្រើនដងនៅក្នុងប្រទេសស៊ីរី ដោយកត់សម្គាល់ការរំលោភចំនួនប្រាំបួន នៅចន្លោះពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

លោកបានបន្ថែមថា ប្រព័ន្ធកំណត់គោលដៅរបស់យន្តហោះគ្មានមនុស្សបើក MQ-9 អាចដំណើរការដោយស្វ័យប្រវត្តិ នូវប្រព័ន្ធការពារនៅលើយន្តហោះរបស់រុស្ស៊ី ដែលបច្ចុប្បន្នកំពុងចូលរួមក្នុងសមយុទ្ធដ៏ធំជាមួយយោធាស៊ីរី៕ ប្រែសម្រួលៈ ណៃ តុលា

To Top