ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង រិះគន់ IAEA សម្រាប់ការធានាសុវត្ថិភាព នៃការបញ្ចេញទឹកវិទ្យុសកម្មហ្វូគូស៊ីម៉ា

Xinhua

ព្យុងយ៉ាង៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង បានរិះគន់​ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ សម្រាប់ការធានាសុវត្ថិភាពនៃ ការបញ្ចេញទឹកវិទ្យុសកម្មរបស់ប្រទេសជប៉ុន ពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលរងគ្រោះដោយគ្រោះមហន្តរាយចូលទៅក្នុងសមុទ្រ ដោយបានអះអាងជាថ្មី ពីការប្រឆាំងរបស់ខ្លួន ចំពោះផែនការបញ្ចេញចោល នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារដី និងបរិស្ថានរបស់ប្រទេសនេះ ត្រូវបានដកស្រង់សម្តីដោយឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការថា ការចេញផ្សាយទឹកដែលរំពឹងទុក នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងសន្តិសុខ និងបរិស្ថាន។

កាលពីថ្ងៃអង្គារកន្លងទៅ IAEA បានបញ្ជូនទៅកាន់ប្រទេសជប៉ុន ការត្រួតពិនិត្យសុវត្ថិភាពរបស់ខ្លួនលើការចេញផ្សាយទឹក ដែលបានគ្រោងទុក ដោយឲ្យដឹងថា វា “អនុលោមតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ” ហើយនឹងមាន “ផលប៉ះពាល់វិទ្យុសកម្មតិចតួចដល់មនុស្ស និងបរិស្ថាន” ប្រសិនបើអនុវត្ត។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “អ្វីដែលជាបញ្ហាគឺ អាកប្បកិរិយាមិនសមហេតុផលរបស់ IAEA យ៉ាងសកម្មក្នុងការឧបត្ថម្ភ និងជួយសម្រួលដល់ការបង្ហូរទឹក ដែលបំពុលដោយនុយក្លេអ៊ែររបស់ជប៉ុន ដែលរំពឹងទុកថា ជារឿងដែលមិនអាចនឹកស្មានដល់”។

មន្ត្រីជាន់ខ្ពស់បានឲ្យដឹងថា IAEA មិនមែនជាស្ថាប័ន សម្រាប់វាយតម្លៃបរិស្ថាននោះទេ ដោយបានចង្អុលបង្ហាញថា មិនមានបទប្បញ្ញត្តិ ឬឃ្លាណាមួយនៅក្នុងច្បាប់អន្តរជាតិ ដែលបញ្ជាក់ពីអង្គការឃ្លាំមើលនុយក្លេអ៊ែរ មានសិទ្ធិអនុញ្ញាតឱ្យប្រទេស ឬតំបន់បញ្ចេញចោលនូវ “ការបំពុលទឹកដោយនុយក្លេអ៊ែរ”។

ទីក្រុងព្យុងយ៉ាង ក៏បានរិះគន់ចំពោះអគ្គនាយក IAEA លោក Rafael Grossi ដោយលើកឡើងថា លោកបានបរិហារលើ “ការអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួន” របស់កូរ៉េខាងជើង ដើម្បីបន្តកម្មវិធីនុយក្លេអ៊ែរ ខណៈពេលដែលមិនអើពើនឹង “ទង្វើខុសច្បាប់ និងគ្មានសីលធម៌របស់ប្រទេសជប៉ុន ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត និងសន្តិសុខ។ របស់មនុស្សជាតិ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top